ឯកឧត្តមអភិបាលខេត្តអញ្ជើញកាន់បិណ្ឌ វេនទី៣ នៅវត្តបុទុមរង្សី សង្កាត់ក្រគរ ក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះនិងលោកជំទាវ ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ  ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត រួមទាំងសហការី បានអញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តបុទុមរង្សី សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ កាលព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងពិធីអញ្ជើញកាន់បិណ្ឌនោះ ឯកឧត្ដម វ៉ា ថន និងឯកឧត្តម ហឿ ស៊ីយ៉ែម បានជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទ ដោយបានលើកឡើងពីប្រវត្តិខ្លះៗនៃពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃពិធីបុណ្យប្រពៃណី ជាតិខ្មែរ ហើយប្រជាពលរដ្ឋកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ដល់ថៃ្ងទី ១៥រោច ខែភទ្របទ មានរយៈពេល១៥ថៃ្ង ហើយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច ហៅថាជាពិធីបុណ្យកាន់បិណ្ឌ និងថៃ្ង១៥រោច ជាពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងរយៈពេលនៃថ្ងៃកាន់បិណ្ឌនីមួយៗគឺជាឱកាសដែលពុទ្ធសាសនិកខ្មែរយើង បានធ្វើបុណ្យ ដាក់ទាន ដោយមានការធ្វើចង្ហាន់ យកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សានៅតាមបណ្តាវត្តជិតឆ្ងាយ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយ ដែលយើងធ្វើបញ្ជូនទៅដល់ដួងវិញ្ញាណក្ខន្ធញាតិទាំង៧សន្តាន ដែលបានចែកឋាន រំលាយក្ខន្ធទៅកាន់បរមលោកក្តី ទៅទីណាក្តី សូមមកទទួលមគ្គផលដែលកូនចៅ បានធ្វើជូននាឱកាសបុណ្យនៅពេលនេះ។

ម្យ៉ាងវិញទៀត ពិធីបុណ្យនេះក៏ជាការផ្សារភ្ជាប់ និងជួបជុំញាតិមិត្ត និងផ្សព្វផ្សាយ ពីវប្បមធ៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃប្រវត្តិធ្វើនៃពិធីបុណ្យរបស់ដូនតាខ្មែរដ៏យូរលង់ ដល់យុវជនជំនាន់ក្រោយគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ និងបន្តថែរក្សាកេរដំណែល ដូនតានេះឱ្យបានគង់វង្ស និងឱ្យសកលលោកបានដឹងថា វប្បធម៌ អរិយធម៌ប្រពៃណី ទំនៀមទម្លាប់នៃប្រវត្តិសាស្រ្តខ្មែរអស្ចារ្យ។

ក្នុងពិធីកាន់បិណ្ឌនេះដែរ ឯកឧត្តមអភិបាលខេត្ត ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តរួម និងសហការីបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ ប្រគេនទេយ្យទាន ទេយ្យវត្ថុមួយចំនួន និងបច្ច័យប្រមាណជាង ៨លាន ៥សែនរៀល  ដល់កិច្ចកសាងទីអារាម នៅវត្តបុទុមរង្សីនេះផងដែរ៕

ដោយ ជួន សុជាតិ