កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ នៅសៀមរាប

AKP សៀមរាប ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ — មន្រ្តីជាន់ខ្ពស់ការងារនៃប្រទេសនៅតាមដងទន្លេមេគង្គ(CLMTV)ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានជួបប្រជុំគ្នាជាលើកទី៥ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប ដើម្បីពិភាក្សាគ្នាទៅលើកិច្ចគាំពារពលករទេសន្តរប្រវេសន៍ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈមានប្រសាសន៍ថា ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានប្តេជ្ញា រួមគ្នាក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍តាមរយៈការចេញសេចក្តី ថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វ៊ីលីពីន ឆ្នាំ២០០៧ និងបានចេញឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេស ហ្វ៊ីលីពីននាឆ្នាំ២០១៧។ ទោះបីជាមានលិខិតុបករណ៍អាស៊ាន និងបទដ្ឋានអន្តរជាតិក៏ដោយ រដ្ឋជាសមាជិកបានដាក់ចេញនូវ គោលនយោបាយ និងបទដ្ឋានគតិយុត្តនៅក្នុង ប្រទេសរបស់ខ្លួនដើម្បីធានាថា សិទ្ធិផលប្រយោជន៍កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ ពលករទេសន្ដរប្រវេសន៍ត្រូវបានធានា ក្នុងនោះប្រទេសជាសមាជិកបានបង្កើតឱ្យ មានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាច្រើន។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការលើ វិស័យការងារក្នុងក្របខ័ណ្ឌនៃប្រទេសCLMTV ត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៥ នៅប្រទេសថៃស្របតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការប្រទេសទាំង៥នេះ។ តាមរយៈកិច្ច ប្រជុំជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងបានរួមគ្នាផ្តួចផ្តើមគិតគូរ ជាពិសេសលើ ចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ នៃបណ្តាប្រទេសទាំង៥។

ជាពិសេស ផ្អែកតាមសេចក្តីថ្លែងការណ៍នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀតណាម យើងបានឯកភាពគ្នាជំរុញឱ្យមាន យន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីប្រទេសទទួលមកប្រទេសបញ្ជូនពលករ ដោយបានផ្ដួចផ្ដើមគំនិតមួយចំនួនដូចជា៖ ១. សិក្សារៀបចំច្បាប់ និងគោលនយោបាយជាតិមានសង្គតិភាពគ្នាជាមួយនឹងបទដ្ឋាន ឬលិខិតតូបករណ៍ គតិយុត្តអន្តរជាតិពាក់ព័ន្ធនឹងចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍។ ២.ផ្តល់និងផ្លាស់ប្តូរទិន្នន័យជាក់លាក់អំពីពលករទេសន្តរប្រវេសន៍ដែលគ្រប ដណ្តប់ដោយរបបសន្តិសុខសង្គមនៅក្នុងប្រទេសCLMTV។ ៣. បង្កើនការចូលរួមរបស់កម្មករ និយោជិត និយោជក និងរដ្ឋាភិបាលនៅកម្រិតជាតិ ដើម្បីអភិវឌ្ឍ ន៍និងអនុវត្តន៍គំនិតផ្តួចផ្តើម អំពីចល័តភាព នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ នៃប្រទេសCLMTV។ ៤.ធ្វើការងារឆ្ពោះទៅកាន់ការរៀបចំក្របខណ្ឌរួមសម្រាប់ប្រទេសCLMTV ស្តីពីចល័តភាពនៃ របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍។ ៥.ជំរុញការចុះកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេសCLMTVចំពោះផ្នែកសេដ្ឋកិច្ចដែលពាក់ព័ន្ធ។ ៦.ពង្រឹងយន្តការនៅក្នុងប្រទេស CLMTV អំពីរបៀបទទួល បាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម និង៧. លើកកម្ពស់ការសម្រប សម្រួលរវាងស្ថាប័ន ទទួលបន្ទុករបបសន្តិសុខសង្គមនៅក្នុងប្រទេសCLMTV។ ជាការពិតណាស់ ទោះបីជាប្រទេសនីមួយៗមានក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថានភាពសង្គមសេដ្ឋកិច្ច មិនដូចគ្នាទាំងស្រុងក៏ដោយ ប៉ុន្តែក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្របខ័ណ្ឌតំបន់ យើងពិតជាអាចស្វែងរកនូវចំណុចរួមមួយដើម្បីសម្រេចគោលដៅ និងផលប្រយោជន៍រួម ពោលគឺពលករទេសន្តរប្រវេសន៍គ្រប់រូប អាចទទួលបាននូវរបបសន្តិសុខសង្គមទោះបីគេផ្លាស់ទីកន្លែងធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬពីប្រទេសមួយទៅប្រទេសមួយក៏ដោយ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការបន្លាស់ទី ដើម្បីស្វែងរកការងារធ្វើកាន់តែមានកំណើ​នគួរឱ្យកត់សម្គាល់។ ការធ្វើចំណាកស្រុកនេះផ្តល់ ទាំងឱកាស និងហានិភ័យដោយ​សារពលករទេសន្តរប្រវេសន៍មួយចំនួនមាន ចំណេះដឹងនៅមានកម្រិតពីច្បាប់ និងទំនៀមទម្លាប់របស់ប្រទេសគោលដៅ ដែលជាហេតុធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ ហេតុដូច្នេះហើយ បានជារដ្ឋាភិបាលនៃប្រទេស CLMTV បានពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារដើម្បីផ្តល់ការអប់រំនិងព័ត៌មានទៅពលករទេសន្តរប្រវេសន៍អំពីលក្ខខណ្ឌការងារនិងប្រពៃណីទំនៀមទម្លាប់ក៏ដូចជាដើម្បីធានាថាសិទ្ធិ និងអត្ថប្រយោជន៍នានា ដែលពួកគេត្រូវ ទទួលបានតាមច្បាប់នៃប្រទេសទទួលត្រូវបានការពារ ដោយគ្មានការរើសអើង៕

ដោយ ឃុត សៅ