អនុប្រធានអចិន្ត្រៃយ៍ CAMSOC៖ យើងមិនទុកឱ្យអ្នកណាម្នាក់នៅក្រៅព្រឹត្តិការណ៍ឆ្ពោះទៅ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ និងជាអនុប្រធាន អចិន្ទ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា យើងមិនទុកឱ្យនរណាម្នាក់ ស្ថិតនៅក្រៅព្រឹត្តិ​ការណ៍​កីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នោះទេ ដោយត្រូវ​ចូលមកទាំងអស់គ្នា នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រមួយនេះ នៅព្រះរា​ជាណាចក្រកម្ពុជា។ការលើកឡើងរបស់ឯកឧត្តមនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសបិទ​វេទិកា​ជាតិលើកទី១ ស្តីពីការផ្សព្វផ្សាយ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពី​ពេលថ្មីៗនេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា “យើងត្រូវការចូលរួមពីគ្រប់ភាគីពាក់​ព័ន្ធទាំងអស់ទាំងស្ថាប័នរដ្ឋ វិស័យឯកជន រួមទាំងប្រជាពលរដ្ឋគ្រប់រូបក្នុងដំណើរឆ្ពោះទៅ​ទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣”។ ឯកឧត្ដមបន្ដថា គោលដៅនៃ​​   ឆន្ទៈក្នុងការចូលរួមនៅក្នុងចលនាសង្គមនេះ គឺដើម្បីទ្រទ្រង់ទៅដល់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ ហើយអ្វីដែលសំខាន់បំផុត គឺការអប់រំ ការចូលរួមគ្រប់សមាសភាពពាក់​ព័ន្ធ​ទាំងអស់ពីគ្រប់ប្រជាពលរដ្ឋគ្រប់រូប ទាំងក្មេង-ចាស់ ដោយត្រូវតែចូលរួមអបអរសាទរ ក្នុង​នាម​​ជាម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្ត្រជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានសំណូមពរឱ្យគ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា គួរតែមានសារខ្លីៗ ឆ្ពោះទៅ​ស៊ីហ្គេម ឆ្នាំ២០២៣ គប្បីត្រូវតែមាន ហើយស្នើឱ្យនិយាយពីសារខ្លីៗ ស្តីពីការរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣នេះ ដើម្បីបញ្ជ្រាបការយល់ដឹងទាំងនេះ ទៅកាន់ប្រជាពលរដ្ឋនៅទូទាំង​ប្រទេស។ ជាមួយគ្នានេះ ស៊ីហ្គេមឆ្នាំ២០២៣ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡា ប៉ុណោះ​​ទេ ប៉ុន្តែវាជាឱកាសដ៏កម្រមួយក្នុងការសម្ដែង និងបង្ហាញអត្តសញ្ញាណ នៃវប្បធម៌ ដ៏រុងរឿងដ៏សម្បូរបែប និងវ័យចំណាស់របស់បុព្វបុរសខ្មែររាប់ពាន់ឆ្នាំដល់ពិភពលោក ទាំង​មូល។

ក្រៅពីនេះ ឯកឧត្តមក៏បានបង្ហាញនូវសកម្មភាពការងាររួមដំណើរជាមួយគ្នា ឆ្ពោះទៅ​រៀប​ចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣នោះ គឺមានវិស័យចម្បងនានា ដូចជាបង្កើនគុណភាព​ទេសចរណ៍ បរិស្ថានស្អាត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានកាត់បន្ថយឱ្យបានអតិប្បរមា កម្ពុជាគ្មានគ្រឿងញៀនជាដើម ដើម្បីផ្តល់នូវការចងចាំដ៏ល្អមួយ ជូនភ្ញៀវអន្តរជាតិផងដែរ៕

ដោយ ហេង ណាលីន