ក្រុមព្រះខ័នរាជស្វាយរៀង, វិសាខា និងណាហ្គាវើលដ៏ នៅតែរក្សាខ្លួនដូចសប្តាហ៍ទី២១ បន្ទាប់ស្វែងរកបាន៣ពិន្ទុពីគូប្រកួតរៀងៗខ្លួន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ — ៣ក្រុមលើកំពូលតារាង គឺព្រះខ័នរាជស្វាយរៀង វិសាខា និងណាហ្គាវើលដ៍ នៅតែរក្សាខ្លួនលើ​កំពូលតារាងដូចសប្តាហ៍ទី២១ដែរ បន្ទាប់ពីស្វែងរកបាន៣ពិន្ទុបន្ថែមដូចៗគ្នា ពីគូប្រកួតរៀងៗ​ខ្លួន សម្រាប់ការប្រកួតសប្តាហ៍ទី២២ កាលពីចុងសប្តាហ៍នេះ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ជើង​ទី២ រដូវកាល ២០១៩។

ក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងបន្តក្តោបក្តាប់តំណែងលើកំពូលតារាងនេះ បន្ទាប់​ពីបានយកឈ្នះ ក្រុមយុវជនបាទី ដោយលទ្ធផល ៧-០ ដោយមាន ៥៨ពិន្ទុ, វិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ២ បណ្តោះអាសន្ន ដោយមាន៥០ពិន្ទុ ក្រោយយកឈ្នះ​ក្រុម​ក្រសួងការពារជាតិ ដោយលទ្ធផល ៣-០។ រីឯ ណាហ្គាវើលដ៏ ដែលឈរនៅលេខ៣ មាន​៤៧ពិន្ទុ បន្ទាប់ពីយកឈ្នះខេត្តកំពង់ចាម ៣-០។

សម្រាប់លទ្ធផល៤ប្រកួតផ្សេងទៀត នាជំនួបសប្តាហ៍ទី២២ នេះដែរ រួមមាន៖ អគ្គស្នងការដ្ឋាននគរ បាលជាតិ ឈ្នះអង្គរថាយហ្គឺ ៤-១, សូលទីឡូអង្គរ ឈ្នះ អគ្គិសនីកម្ពុជា ១-០, គិរីវង់សុខសែនជ័យ យកឈ្នះ ភ្នំពេញក្រោន ៣-២ ខណៈក្រុមបឹងកេត និងអាស៊ីអឺរ៉ុប ចែកគ្នាម្នាក់១ពិន្ទុ ក្រោយរក្សាលទ្ធផលស្មើគ្នា ២ទល់២។

គួរបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៩នេះ នៅសល់តែ៤សប្តាហ៍ ឬក្នុង១ក្រុម នៅសល់៤ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ការប្រកួតទាំងស្រុងហើយ សម្រាប់​សប្តាហ៍ទី២៦ ហើយក្រុម ដែលប្រជែងបានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់តំណែងជើង​ឯក​តែម្តង តាមរូបមន្តប្រកួតសន្សំពិន្ទុសុទ្ធ៕

ដោយ ហេង ណាលីន