អាជ្ញាធររាជធានីភ្នំពេញ កាន់បិណ្ឌវេនទី២វត្ដជម្ពូវ័ន ដើម្បីឧទ្ទិសនូវផល្លាអានិសង្ស ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្ដាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ -មន្ដ្រីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញ ជាច្រើនរូប បានចូលរួមពិធីសូត្រមន្តកាន់​បិណ្ឌវេន​ទី២ នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងពិធីនោះដឹកនាំដោយលោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានរៀបចំ បូជាទៀនធូប ផា្កភ្ញី ចំពោះព្រះរតនត្រ័យសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកូលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ នំចំណី ជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនដល់វិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង ៧សណ្ដាន ។

លោកជំទាវ កែវ សុខពិសី បានមានប្រសាសន៍ថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វ​ហេតុរំដោះជាតិ និងប្រជាជន ពីរបបអាណានិគមចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏បាននាំយកបច្ច័យទេយ្យទាន និងគ្រឿងឧបភោគ មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំវស្សាចំនួន ១៦៦អង្គ នៅវត្ដមជម្ពូវ័ន មានសាដកចំនួន ១៦៦ និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃ ក្នុង១អង្គៗ ៣ម៉ឺនរៀន មីយើង ២០កេស ទឹកក្រូចចំនួន៤០កេស ទឹកបរិសុទ្ធចំនួន ៧០កេស  អង្ករចំនួន ១០០គីឡូក្រាម ស្ករសចំនួន ៥០គីឡូក្រាម ផ្លែឈើចំនួន ២កន្ត្រ ត្រីខកំប៉ុងចំនួន ១កេស ទឹកដោះគោខាប់ចំនួន ១កេស ក្រណាត់ស ៥០ដុំ និងថវិកា១ម៉ឺនរៀល ដែលជាបច្ច័យបានមកពីពុទ្ធបរិស័ទសរុបថវិកា ១២.៧០០.០០០រៀល និង ២៣០ដុល្លារអាម៉េរិក ៕

ដោយ សួស សំរិត