ឯកឧត្តមម​ អ៊ុន​ ចាន់ដា​ ​​អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្ត​នគរបាជ័យ​ ស្រុក​​កំពង់​សៀម​

AKP កំពង់ចាម ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី១៥​ ខែកញ្ញា​ ឆ្នាំ​២០១៩ ត្រូវជាថ្ងៃបុណ្យកាន់បិណ្ឌ​វេន​ទី​២ ​ឯកឧត្តមម​ អ៊ុន ចាន់ដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ រួមជាមួយថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​តាមមន្ទីរ ​អង្គភាព​ពាក់ព័ន្ធ ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​​ រួម​ជាមួយ​​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​​ចំណុះជើងវត្តនគរបាជ័យ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ ដោយ​បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ ចង្ហាន់ រួមនឹង​បច្ច័យ​មួយ​ចំនួន​​ ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស​ នៅវត្ត​នគរបាជ័យ​ក្នុង​ និង​វត្ត​នគរបាជ័យ​ក្រៅ ក្នុង​ស្រុក​កំពង់​សៀម​​ ខេត្តកំពង់ចាម ដើម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូនទៅដល់បុព្វការីជនទាំងអស់ ដែលបានចាកឋានទៅកាន់បរមលោកហើយនោះ។

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យធំមួយរបស់ប្រជាពលរដ្ឋខ្មែរយើង​ដែលបានប្រារព្ធធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ ១​រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ ជាថ្ងៃកាន់បិណ្ឌហើយថ្ងៃ​១៥​រោច ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌធំដែលពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយមកជួបជុំគ្នាដែលគេថា បុណ្យភ្ជុំធំ ដោយមកជាមួយនូវ ចង្ហាន់ ទេយ្យទាន​ផ្សេងៗ​មាន​អាហារ​ជាដើម​ទៅ​ប្រគេន​ព្រះសង្ឃ​នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​ ។​

ឯឧត្ត​ អ៊ុន ចាន់ដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាមបានមានប្រសាសន៍ថា ការធ្វើបុណ្យកាន់បិណ្ឌនេះគឺដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វ​ហេតុរំដោះជាតិ និងប្រជាជន ពីរបបអាណានិគមចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឯឧត្ត​ អ៊ុន ចាន់ដា ​បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ប្រជាពលរដ្ឋរបស់យើងរស់នៅក្រោមដំបូលសុខសន្តិភាព មានសិទ្ធសេរីភាពគ្រប់គ្រាន់ ក្នុងការប្រកបការងារផ្សេងៗ ពិសេសគឺជំនឿសាសនាប្រជាពលរដ្ឋយើងអាចធ្វើបានគ្រប់ពេលវេលា ។

ឯឧត្ត​ អ៊ុន ចាន់ដាបានលើកឡើងថា ដោយសារប្រទេសមានសុខសន្តិភាពបងប្អូនយើងមកពីទីជិតទីឆ្ងាយមកជួបជុំគ្នាកាន់បិណ្ឌក្នុងក្តីសប្បាយរីករាយបំផុតដោយបានជួបជុំបងប្អូនក្រុមគ្រួសារ ដូចនេះយើងទាំងអស់គ្នា រួមគ្នាថែរក្សាសុខសន្តិភាព ដែលមានស្រាប់ដើម្បីប្រទេសជាតិ ខ្លួនឯង និងអនាគតកូនចៅរបស់យើងតរៀងទៅ ៕ ដោយ ឆាយ ម៉ុត