ប្រតិភូអគ្គស្នងការនគរបាលជាតិចូលគោរពវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ​ ប៊ូ​ ថង

AKP រតនគិរី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៩​ -ព្រឹកថ្ងែអាទិត្យ ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៩​ គណៈប្រតិភូ អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុម៉េធ អគ្គស្នងការរងនគរបាលជាតិ បានទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ​ ប៊ូ​ ថង ស្ថិតនៅក្នុងគេហដ្ឋាន​លេខ ១៤៧​ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បានដឹកនាំកម្លាំងស្នងការ ដ្ឋាននគរបាល ចំនួន៣ខេត្ត គឺខេត្តរតនគិរី, ស្ទឹងត្រែង, និងខេត្តមណ្ឌលគិរី ទៅអញ្ជើញចូលរួមដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ​ ប៊ូ​ ថង ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្ប​តិ៍​ ១៤កើត ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១:២០នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

សពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ​ ប៊ូ​ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន​លេខ ១៤៧​ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ៕

ដោយ:ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេរតនគិរី)