លោកជំទាវ ម៉ែន សំអន គាំទ្រការបង្កើតសមាគមស្បែកជើងកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យផលិតកម្ម និងបង្កើនការងារជួនប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា លោកជំទាវគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតសមាគមស្បែកជើងកម្ពុជា ដើម្បីជាការចូលរួមចំណែកបង្កើនការងារជូនប្រជាពលរដ្ឋខ្មែរក្នុងការអភិវឌ្ឍវិស័យផលិតកម្មស្បែកជើង នៅប្រទេសកម្ពុជា ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់គាំទ្របែបនេះ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធជាផ្លូវការ សមាគមស្បែកជើងកម្ពុជា ហៅកាត់ថា (ស.ស.ក) នៅមជ្ឈមណ្ឌល និងពិព័រណ៍កោះពេជ្រ នារាត្រីថ្ងៃសៅរ៍ ០១រោច ខែភទ្របទ ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពយ៉ាងពេញលេញ មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ លោកជំទាវបានថ្លែងកោតសរសើរចំពោះលោកឧកញ៉ា លី ឃុនថៃ ជាប្រធានសមាគម ដែលមានការប្តេជ្ញាចិត្តខ្ពស់ ជាមួយទស្សនៈវិស័យដ៏ច្បាស់លាស់ បានរួមគ្នាបង្កើតសមាគមមួយនេះឡើង ដើម្បីសម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស នៃវិស័យឧស្សាហកម្មផលិតស្បែកជើង នៅក្នុងប្រទេសកម្ពុជា ក្នុងការការ ពារផលប្រយោជន៍សមាជិកផង និងដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យផលិតកម្មស្បែកជើង    ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកទឹកចិត្តដល់លោកឧកញ៉ា លី ឃុនថៃនិង សមាជិក សមាជិកានៃសមាគម ចូលរួមឱ្យកាន់តែសកម្មក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌នានា ព្រមទាំងចូលរួមលើកស្ទួយវិស័យឧស្សាហកម្មផលិតស្បែកជើង នៅប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ប្រកបដោយគុណភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង លើទីផ្សារអន្តរជាតិរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះខ្លាំងក្លាឡើងជាលំដាប់ ពិសេសជួយរកការងារឱ្យប្រជាពលរដ្ឋខ្មែរ ចៀសវាងការធ្វើចំណាកស្រុក៕

ដោយសួស សំរិត