សម្ដេចចៅហ្វាវាំង ព្រះរាជតំណាងព្រះមហាក្សត្រ បាននាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្តរងគ្រោះដោយ ទឹកជំនន់នៅក្នុងឃុំមៀន ស្រុកព្រៃឈរ

AKP កំពង់ចាម ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ -សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មាការទី៤ នៃរដ្ឋសភា ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងកាកបាទក្រហមកម្ពុជា តំណាងក្រសួងស្ថាប័ន នានា មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានអញ្ជើញជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែចែកជូនប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ ចំនួន ៣៧០គ្រួសារ នៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលពិធីចែកអំណោយនេះធ្វើនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។

សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ បានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះប្រជារាស្ត្រ ជាកូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យយកចិត្ដទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។

សម្ដេច ព្រះរាជតំណាងព្រះមហាក្សត្រ ក៏បានលើកឡើងផងដែរ នូវការសាកសួរសុខទុក្ខ និងផ្ដាំផ្ញើពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខ រដ្ឋស្ដីទី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជានៅទូទាំងប្រទេស ដែលសម្ដេចទាំងបីបានដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ។ ជាពិសេសបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការកោតសរសើរពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិ។ ជាមួយគ្នានេះ កាក បាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងមានវិធានការក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលានៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ ណាមួយឡើយ។

សម្ដេចចៅហ្វាវាំង បានមានប្រសាសន៍ថា ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្ដេចតេជោតែងតែបានចាត់តំណាងឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យ សាកសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែដែលបានព្រះរាជទាន ជូនដល់ប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់បណ្តាលឱ្យលិចលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៣៧០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ចំនួន ១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកាចំនួន ២០ម៉ឺនរៀល ។

គួររម្លឹកដែរថា សម្ដេចចៅហ្វាវាំង ព្រះរាជតំណាងព្រះមហាក្សត្រ បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែចែកជូនប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់នៅពេលនេះចំនួន ៣៧០គ្រួសារ គឺជាលើកទី៣ហើយ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ដែលលើកទី១ នៅស្រុកចិត្របុរី ខេត្តក្រចេះចំនួន ៨៥៧គ្រួសារ និងលើកទី២ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ៥២៨គ្រួសារ ៕

ដោយ សោម ឫទ្ធី