លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្ត ក្នុងពិធីកាន់បិណ្ឌវេនទី២​នារដូវបុណ្យភ្ជុំបិណ្ឌ នៅវត្ដទួលសង្កែ 

AKP ភ្នំពេញ ថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់​បិណ្ឌវេន​ទី២ នៅវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃ០១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងពិធីនោះផងដែរក៏មានរៀបចំបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការប័ង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្ដាន ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់​ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការបានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បី ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វ​ហេតុរំដោះជាតិ និងប្រជាជន ពីរបបអាណានិគមចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ លោកជំទាវកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហា​ក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និង ប្រគេនពរដល់ព្រះ​សង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហមកម្ពុជា  ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗ​គ្នាជារៀងរហូត៕

ដោយ សួស សំរិត