សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ចែករំលែកចំណេះដឹង និងផ្សព្វផ្សាយគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០១៩ — សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) បានរៀបចំសិក្ខាសាលាស្តីអំពី“ការផ្សព្វ ផ្សាយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា(CSDGs)”       និងចែករំលែកនូវ​ចំណេះ​ដឹង និងបទពិសោធន៍ដែលទទួលបាន និងបានចូលរួមបណ្ដុះបណ្ដាលនៅក្នុង​សាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះ បានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការទគាំទ្រពី​ទីភ្នាក់​ងារ​សហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)។ នេះបើ​យោង​តាមការផ្សាយរបស់ KOICA។

​ឯកឧត្តម លី សាវុធ ប្រធានសមាគម សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានលើកឡើងថា CAMKAA ជាសមាគមអតីតសិក្សាការីកម្ពុជា-កូរ៉េ ដែលត្រូវ​បានចងក្រងដោយនិស្សិតអតីតនិស្សិតដែលធ្លាប់សិក្សានៅប្រទេសកូរ៉េ។ ឯកឧត្ដមបាន​​បញ្ជាក់ថា តាមរយៈកម្មវិធី​បណ្តុះបណ្តាល និងបញ្ចប់ការសិក្សារបស់ KOICA ដែលជារៀង​រាល់ឆ្នាំ CAMKAA បានដឹកនាំសកម្មភាពសម្រាប់ការអភិវឌ្ឍសង្គមជាច្រើន ដោយអនុវត្តន៍​សកម្មភាពស្ម័គ្រចិត្តសង្គម ការរៀបចំសិក្ខាសាលា និងយុទ្ធនាការពាក់ព័ន្ធផ្សេងៗ។ ឯកឧត្ដម​បន្ដថា សមាគមនេះ​ ត្រូវបានគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ក្រោមការ​ផ្តល់ជាគម្រោងនៃជំនួយការបច្ចេកទេស និងការចូលរួមចំណែកពីសមាជិករបស់ខ្លួន។

ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០១៩ នេះ គឺជាអាណត្តិចុងក្រោយរបស់គណៈកម្មាធិការ​ប្រតិបត្តិ CAMKAA (២០១៧-២០១៩) ហើយ CAMKAA នឹងរៀបចំការបោះឆ្នោត​ដើម្បីស្វែងរក​បេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការប្រតិបត្តិ CAMKAA ក្នុងឆ្នាំ (២០២០-២០២២) នៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០១៩ខាងមុខ។  ទន្ទឹមនេះ គណៈកម្មាធិការប្រតិបត្តិ នឹងត្រូវមាន​សមាជិកចំនួន៧រូប និងមានតួនាទីដូចជាប្រធានចំនួន(១) អនុប្រធានចំនួន(១) លេខាធិការ​ចំនួន(១) ហេរញ្ញិកចំនួន(១) សវនករចំនួន(១) និងមន្ត្រីទំនាក់ទំនងសាធារណៈចំនួន(២) ។

ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ដែលចាប់អារម្មណ៍មុខតំណែង នៃ សមាជិកគណៈកម្មាធិការប្រតិបត្តិ CAMKAAមួយណា  ដើម្បីដាក់ពាក្យស្នើសុំឈរឈ្មោះ បេក្ខជន សម្រាប់ការបោះឆ្នោតជាផ្នែកមួយនៃសមាជិកគណៈកម្មាធិការប្រតិបត្តិ CAMKAA ក្នុងឆ្នាំ(២០២០-២០២២)  តាមរយៈការផ្ញើប្រវត្តិរូប មកកាន់លការិយាល័យ KOICA ឬ CAMKAA ចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ។

លោក នោ ហ្យន់ ជុន (Rho Hyeon Jun) នាយកនៃទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ប្រចាំនៅ​កម្ពុជា(KOICA)បានឱ្យដឹងថា សិក្ខាសាលាថ្ងៃនេះ គឺមិនគ្រាន់តែជាបញ្ហា​ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​របស់ពិភពលោកទាំងចំនួន១៧ចំណុច ដែលមានគោលដៅចំនួន១៦៩សម្រាប់ជាប្រព័ន្ធ​ត្រួតពិនិត្យ ដែលត្រូវបានកំណត់សម្រាប់ជា“ចក្ខុវិស័យសន្តិភាព”គឺគ្មាននរណាម្នាក់​ត្រូវបាន​ទុក​ចោលឡើយ។ លោកបានបញ្ជាក់ថា KOICA កំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការ​សម្រេចនូវរបៀបវារៈពិភពលោកSDGs ឆ្នាំ២០៣០ខាងមុខនេះ។ លើសពីនេះទៀត KOICA បានកំណត់គុណតម្លៃស្នូលចំនួន៤ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមមាន៖ ប្រជាជន(សុខុមាលភាពរបស់មនុស្សទាំងអស់) វិបុលភាព(ការបន្តកំណើនសេដ្ឋកិច្ច និង​បច្ចេកវិទ្យា) សន្តិភាព(ការពារសន្តិភាព) និងភពផែនដី(ការការពារប្រព័ន្ធអេកូឡូស៊ី​របស់​ផែនដី) ។

សូមបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានផ្តល់ជំនួយ​តាម​រយៈគម្រោងសហប្រតិបត្តិការ និងជំនួយការបច្ចេកទេស។ សម្រាប់ជំនួយបច្ចេកទេស KOICA បានផ្តល់នូវកម្មវិធីការអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ដល់ការអភិវឌ្ឍធនធានមនុស្សនៅ​ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ តាមរយៈកម្មវិធីបណ្តុះបណ្តាលសមត្ថភាពផ្សេងៗ ដូចជាកម្មវិធីអាហារូបករណ៍នៃថ្នាក់អនុបណ្ឌិត វគ្គបណ្តុះបណ្តាលសកល និងវគ្គបណ្តុះ​បណ្តាលជាប្រទេស។ ជារៀងរាល់ឆ្នាំ KOICA បានផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាល​ដល់មន្រ្តីរាជការកម្ពុជាចំនួនជាង១០០នាក់ ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ វិស័យ​សុខាភិបាល វិស័យឧស្សាហកម្ម និងថាមពល ប្រព័ន្ធរដ្ឋបាល និងព័ត៌មានវិទ្យា និង ទំនាក់ទំនង(ICT) ៕

ដោយ អ៊ុន រិទ្ធី