ព្រះរាជតំណាងព្រះមហាក្សត្រ នាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្តរងគ្រោះដោយ ទឹកជំនន់ស្ថិតនៅក្នុងឃុំចំនួន ៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួង​ព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច​ព្រះបរម​នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអម​ក្រសួង​ព្រះបរមរាជវាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ ដែលជាតំណាងកាកបាទក្រហមកម្ពុជា តំណាងក្រសួង ស្ថាប័ននានា ព្រមទាំង មន្ត្រីរាជការ អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ បានអញ្ជើញជួបសំណេះសំណាល និងនាំយក​ព្រះរាជ​អំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ចែកជូនប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ ចំនួន៥២៨គ្រួសារ នៅក្នុង​ ឃុំព្រះអណ្ដូង ​ឃុំពាមកោះស្នា ឃុំព្រែកកក់ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ ពិធីនេះ បានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលពិធីចែកអំណោយ​នេះ​ធ្វើនៅទីទួលសុវត្ថិភាព នៅក្នុង​ឃុំពាមកោះស្នា ឃុំព្រែកកក់ ឃុំព្រះអណ្ដូង ឃុំទួល​ព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។

សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ បានពាំនាំនូវព្រះរាជ​បណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជ​ហឫទ័យអាណិតស្រឡាញ់ និងសេចក្ដីនឹករលឹកយ៉ាង​ជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្រត្រី ព្រះវររាជ មាតាជាតិខ្មែរ​ជាទី​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេស​ព្រះរាជហឫទ័យ យកចិត្ដទុកដាក់ចំពោះជីវភាព​រស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់​ព្រះអង្គ។

សម្ដេចចៅហ្វាវាំងក៏បានលើកឡើងផងដែរនូវការសាកសួរសុខទុក្ខ និងផ្ដាំផ្ញើពីសំណាក់ សម្ដេច​វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជានៅទូទាំងប្រទេស ដែលសម្ដេចទាំងបីបានដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់ វិស័យ។ លើសពីនេះទៀត បានធ្វើឱ្យជីវភាពរបស់​ប្រជាពលរដ្ឋកាន់តែប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែលទទួលបានការកោតសរសើរពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិ។

សម្ដេចចៅ​ហ្វាវាំងក៏បានលើកឡើងទៀតថា​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងមានវិធានការ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេល​វេលានៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ ណា​មួយ​ឡើយ។ សម្ដេចចៅហ្វាវាំងបានមានប្រសាសន៍ថា ក្នុងនាមសម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈ​កម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្ដេចតេជោ​តែងតែបានចាត់តំណាងឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិ​គ្រប់​គ្រងគ្រោះមហន្តរាយ ចុះពិនិត្យ សាកសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់​ចែក​ជូនបងប្អូនប្រជាពលរដ្ឋ​ដែលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

សូមបញ្ជាក់ថា ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែដែលបានព្រះរាជទាន ជូនដល់ប្រជារាស្រ្តរងគ្រោះដោយ​ទឹកជំនន់បណ្តាលឱ្យលិចលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៥២៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ១០កំប៉ុង កៅស៊ូតង់ចំនួន១ផ្ទាំង អាវយឺត​មានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ចំនួន១ និងថវិកាចំនួន ២០ម៉ឺនរៀល ៕

ដោយ៖ សោម ឫទ្ធី