ការប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​នៃ​ភាពយន្តកុមារអន្តរជាតិ​អាស៊ីនឹង​ប្រព្រឹត្តទៅ​នា​ពាក់​កណ្តាល​ខែកញ្ញានេះ​

AKP ភ្នំពេញ ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​ -បើយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់​ស្ថានទូតជប៉ុនប្រចាំ​ព្រះរាជាណាចក្រ​ កម្ពុជា​ កាលពីថ្ងៃអង្គារ ១២កើត ខែភទ្របទ ​ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩បានឱ្យ​ដឹងថា​ ស្ថានទូតជប៉ុននឹង​សហការ​ជាមួយក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ​រៀបចំ​ការប្រកួត​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ក្នុង​ប្រទេសកម្ពុជាលើកទី​១១ នៃ​ភាពយន្តកុមារ​អន្តរជាតិអាស៊ី​ (AICFF) នៅថ្ងៃចន្ទ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)។​

សា្ថនទូតជប៉ុន​បាន​គូសបញ្ជាក់ថា​ ការប្រកួតនេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជ្រើស​រើស​រឿងខ្លី​ល្អដាច់គេចំនួន​៣ ទៅប្រកួត​បន្តនៅក្នុង​មហោស្រព​ភាពយន្តកុមារ​អន្តរ​ជាតិ​​អាស៊ី​ក្នុង​ចំណោម​សិស្ស​វិទ្យាល័យ​នៃប្រទេសជប៉ុន​​ និង​បណ្តាប្រទេស​អាស៊ានទាំង១០​ប្រទេស ព្រមទាំងប្រទេសចិន​ ម៉ុងហ្គោល កូរ៉េខាងត្បូង​ តៃវ៉ាន់ និង​ទីម័រខាងកើត។​

ចំពោះ​ប្រធានបទរឿងខ្លីសម្រាប់ឆ្នាំ​នេះ គឺ “តើ​អ្នកយល់​យ៉ាងណាចំពោះការ​បង្ក​បញ្ហា​​ដល់អ្នកដទៃ? តើវាត្រឹមត្រូវ​ទេ សម្រាប់​តែផលប្រយោជន៍ផ្ទាល់ខ្លួន​? តើអ្នកអាចគិត​ដល់អ្នកដទៃផងបានដែរឬទេ?” ។​ រឿងខ្លី៣នាទីចំនួន​៦៩រឿង​ ផលិតឡើង​ដោយសិស្ស​មក​ពី​​ ៣៤វិទ្យាល័យ​បានដាក់ពាក្យចូលរួមប្រកួត​ ហើយ​រឿងខ្លីចំនួន​១៥រឿង​ត្រូវបាន​ជ្រើស​រើស​​ដើម្បីបញ្ចាំងជូន​ក្នុងការប្រកួត​តាមកាលបរិច្ឆេទខាងលើ​។

ទន្ទឹមនឹងនេះ​ សិស្សវិទ្យាល័យ​ចំនួន ​៣ក្រុម​ មាន​ចំនួនសមាជិកសរុបចំនួន ​៩រូប​ ដែល​ទទួល​ជ័យលាភីក្នុងការប្រកួតនឹង​ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន​ក្រោម​កម្មវិធី JENESYS 2019 ដោយ​រដ្ឋាភិបាលជប៉ុន​ ដើម្បីចូលរួម​វគ្គផ្តាច់ព្រ័ត្រ​នៃមហោស្រព នៅ​ទីក្រុង​មិណាមិ អាវ៉ាជិ ខេត្ត​ហ៊ីយ៉ូហ្គោ ប្រទេសជប៉ុន នៅថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ២០១៩ខាងមុខ។​

ជាមួយគ្នានេះដែរ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​បានបង្ហាញក្តី​សង្ឃឹម​ថា​ តាមរយៈមហោស្រពនេះ​ មិត្តភាព និងការយល់ដឹង​ពីគ្នាទៅវិញទៅមក​ នឹង​ត្រូវបាន​កសាង​ឡើងក្នុងចំណោមយុវជននៅតំបន់អាស៊ី៕

ដោយ ទេស ច័ន្ទសុធារី