ប្រទេសចិនប្រគល់ឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ដល់ក្រសួងកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ មានរៀបចំពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន ចំនួន ១.៥០០និង មធ្យោបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត បានសម្ដែងសេចក្ដីប្រកបដោយបីតិសោមនស្ស និងអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងគម្រោងហិរញ្ញប្បទានឥតសំណងនេះថា ក្រោយពេលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានអនុវត្តន៍គោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” ឃើញថា ថ្មីៗនេះកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់គួរឱ្យកត់សម្គាល់។ ប្រទេស  ទាំងពីរបានផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យកសិកម្មជាអាទិភាព ហើយស្តែងចេញជាលទ្ធផល កន្លងមកភាគីចិនបានបង្កើនកូតានាំអង្ករកម្ពុជាចូលទីផ្សារចិន ចេកអំបូងលឿងស្រស់ ម្សៅដំឡូងមី និងផ្លែឈើច្រើនប្រភេទទៀត ហើយអនាគតផលិតផលកៅស៊ូកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារចិន។ ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស កន្លងមកកម្ពុជាបានបញ្ជូនមន្រ្តីចំនួន ២៦៨រូបទៅចិនដើម្បីចូលរួមសិក្សា ដកស្រង់បទពិសោធន៍ផ្នែកវិស័យកសិកម្ម ហើយភាគីចិនក៏បានបញ្ជូនមន្រ្តីជំនាញមកកម្ពុជាវិញផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា តាមរយ:កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជោគ វាសនារួមគ្នា ប្រកបដោយមិត្តភាព និងសាមគ្គីភាពជាបងប្អូន បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយនិរន្តរភាព ជាពិសេសជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនបានកាន់តែច្រើនឡើងថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា រហូតដល់កម្ពុជាសម្រេចទទួលបាននូវសន្តិភាពពេញលេញ ការឯកភាពជាតិក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យដែលជាការរួមចំណែកយ៉ាងសកម្មទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការខាងវិស័យបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ការវិនិយោគដើម្បីផលប្រយោជន៍រវាងប្រជាជន និងប្រទេសទាំងពីរ។

ទាក់ទងពិធីប្រគល់-ទទួលសម្ភារ ឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ក្រោមហិរញ្ញ ប្បទានឥតសំណងរបស់ចិននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះវត្តមាន និងជាពិសេសបានជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើររបស់ឯកឧត្តម Wang Wentian បានធ្វើឱ្យគម្រោងខាងលើកើតចេញជាផ្លែផ្កានាថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា គម្រោងសាងសង់ឡជីវឧស្ម័ន ១.៥០០ឡ គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង១៦ ដែលបានរៀបចំឡើងដោយក្រសួង នៅក្នុងផែនការយុទ្ធសាស្ត្រភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្រាប់ការអភិវឌ្ឍ វិស័យកសិកម្មឆ្នាំ២០១៣- ២០១៧។

ហិរញ្ញប្បទានឥតសំណងនេះមាន ឡជិវឧស្ម័នជូនមកកម្ពុជាចំនួន ១.៥០០ឡ រថយន្ត ៣គ្រឿង ម៉ូតូ ១៤គ្រឿង ម៉ាស៊ីនភ្លើង ៧គ្រឿង ម៉ាស៊ីនបូមទឹក ៧គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀត គិតជាទឹកប្រាក់ចំនួន ៩.៦៦០.០០០យន់ ដែលត្រូវបែងចែកទៅខេត្តគោលដៅចំនួន ៧ ក្នុងនោះខេត្តត្បូងឃ្មុំ ៣០០ឡ កំពង់ចាម ២០០ឡ ព្រៃវែង ២០០ឡ ស្វាយរៀង ២០០ឡ កំពង់ឆ្នាំង ២០០ឡ ពោធិសាត់ ២០០ឡ និង ខេត្តព្រះវិហារ ២០០ឡ សម្រាប់រយ:ពេល ៣ឆ្នាំ ៕

ដោយ ណយ នឿន (ប្រភពៈក្រសួងកសិម្ម)