ខេត្តបន្ទាយមានជ័យ​សិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ​​ទិន្ទេសAចំនួន២៥ នាក់ ​នឹងទទួលបានម៉ូតូទូរស័ព្ទដៃ និងថវិកាមួយចំនួន

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកញ្ញា ​ឆ្នាំ២០១៩ -អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ឱ្យដឹងថា សិស្សដែលប្រឡង​ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ចំនួន ២៥នាក់ ក្នុងឆ្នាំ២០១៩នេះ នៅខេត្ត បន្ទាយមានជ័យនឹងទទួលបានម៉ូតូ ទូរស័ព្ទដៃ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯក ឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរខេត្ត នៅពេលខាង មុខនេះ។

ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើកលទ្ធផលប្រឡង​សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន។

លោក ឈូរ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យ ដឹង​​ដោយយោងតាមលទ្ធផលក្រសួងអប់រំ យុវជន និងកីឡា​ថា ការប្រឡងសញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ សម្រាប់នៅខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០១៩នេះ គឺបេក្ខជនចំណេះទូទៅ បំពេញវិជ្ជា និងស្វ័យរិន មានវត្តមានមកប្រឡងចំនួន ៤.៨៥១នាក់ ស្រី២.៥៦៣នាក់ ក្នុងនោះ ប្រឡងជាប់​ ២.៦៨៤នាក់ ស្រី ១.៥៤៦នាក់ ឬស្មើនឹង ៥៥,១៧ភាគរយ ក្នុងនោះបេក្ខជន និង បេក្ខនារី​ទទួលបាននិទ្ទេសA ចំនួន២៥នាក់​ស្រី១៥នាក់, និទ្ទេសBចំនួន១០១នាក់ស្រី៦១នាក់។

គួររម្លឹកដែរថា កាលពីពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅ​ឆ្នាំ២០១៨ មាន​បេក្ខជនប្រឡងជាប់ និទ្ទេស​A ចំនួន១៣នាក់ ស្រី៣នាក់។

ឯកឧត្តមអភិបាលខេត្តបន្ទាមានជ័យបានអបអរសារទទៅនឹងលទ្ធផលប្រឡង​ដល់បេក្ខ ជនដែលបានប្រឡងជាប់ហើយ និទ្ទេសA ក៏មានការកើនឡើងជាលំដាប់។ ជាមួយនោះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អ្នកប្រឡងធ្លាក់មិនត្រូវបាក់ទឹកចិត្តនោះទេ គប្បីត្រូវបន្តប្រឹង ប្រែងព្យាយាមរៀនសូត្របន្ថែមទៀតដើម្បីប្រឡងជាប់នៅឆ្នាំក្រោយឬក៏អាចចូលរៀនសាលាបច្ចេកទេសវិជ្ជាជីវៈ ឬរៀនយកបរិញ្ញាបត្ររង។

ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡងនេះ ឆ្លុះបញ្ចាំងនូវសារៈ សំខាន់ អ្នកចេះ គឺជាប់ និងការប្រឡងបានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ ច្បាប់ និងលទ្ធផលទទួលយកបាន។

​ឯកឧត្តមបន្តទៀតថា លទ្ធផលដ៏ល្អប្រសើរនេះកើតចេញពីការចូលរួមការគាំទ្រ និងការ ឧបត្ថម្ភពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យដំណើរការ នៃការប្រឡងប្រព្រឹត្ត ទៅដោយរលូន។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួងអប់រំ មន្ត្រី អប់រំ លោកគ្រូអ្នកគ្រូ ឳពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្ស ​ក៏ដូចជាអាជ្ញាធរមាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបាននាំយកនូវលទ្ធផលដ៏ល្អ សម្រាប់ការប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះ ដែលបានជួយជំរុញឱ្យវិស័យអប់រំកាន់តែទទួលបាននូវភាព រីកចម្រើនថែមទៀតនោះ៕

ដោយ ឈុន សារ៉ាត