អភិបាលខេត្តកណ្តាលដឹកនាំប្រតិភូទៅប្រជុំជាមួយអភិបាលខេត្តអាងយ៉ាងប្រទេសវៀតណាម

AKP កណ្តាល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ -នៅរសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តទៅប្រទេសវៀតណាម ដើម្បីប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ង្វៀង ថាញ់ប៊ិញ ប្រធានគណៈកម្មការប្រជាជន ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពង្រឹងនូវចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អក្នុងការបង្ការទប់ស្កាត់ និង​ បង្រា្កប​បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខសណ្ដាបធ្នាប់នៅតាមតំបន់ព្រំដែនរវាងខេត្តទាំងពីរ គឺខេត្តកណ្ដាល ប្រទេសកម្ពុជា និង​ខេត្តអានយ៉ាង​ ប្រទេសវៀតណាម សំដៅរួមចំណែកធ្វើឱ្យតំបន់ព្រំដែនប្រែក្លាយជាតំបន់ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និង មានការអភិវឌ្ឍ។

ក្នុងកិច្ចប្រជុំនេះ បានបូកសរុបវាយតម្លៃលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដែលខេត្តទាំងពីរនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម បានអនុវត្តន៍ក្នុងពេលកន្លងមក និង លើកទិសដៅអនុវត្តន៍នៅឆមាសទី២ ឆ្នាំ២០១៩បន្តជាមួយគ្នាតទៅទៀត៕

ដោយណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តកណ្តាល)