កិច្ចប្រជុំ ស្តីពីសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់របៀប រៀបរយ និងសុវត្ថិភាពនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានវិនិយោគិន ពាណិជ្ជករ អាជីវករ ប្រកបរបររកស៊ីកាន់តែច្រើន បង្កើននូវទំនុកចិត្តពីភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តនៅខេត្តកាន់តែសប្បាយរីករាយ និងមានសុវត្ថិភាពនៅលើទឹកដីខេត្តព្រះសីហនុ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិន ពិសេសវិនិយោគចិន ជាហេតុធ្វើឱ្យខេត្តព្រះ សីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ផ្អែកលើគ្រប់វិស័យ បានជំរុ ញឱ្យមានកំណើនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សងៗមកធ្វើការងារ និងប្រកបរបរទៅ តាមជំនាញ និងសមត្ថភាពដែលខ្លួនមាន។ បច្ចុប្បន្នអ្នកវិនិយោគ ចិន ស្ថិតលំដាប់លេខ១ ដែលមកបណ្ដាក់ទុន និងវិនិយោគភាគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ។

ឯកឧត្តមបន្តថា គណៈបញ្ជាការឯកភាពខេត្តបានដាក់ចេញនៅវិធានការមួយចំនួន ដល់កងកម្លាំងឯកភាព ក្នុងនោះដោយធ្វើរដ្ឋបាលចំហតាមផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ កន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស។ ពង្រឹងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះ ជនអន្តោប្រវេសន៍ គ្រឿងញៀន ពង្រឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកមួយសប្តាហ៍ ២ដង។ សហការល្បាតជាប្រចាំរៀងរាល់រាត្រីក្នុងក្រុងព្រះសីហនុ ពិសេសគោលដៅស្មុគស្មាញទាំង ២០ និងដោះស្រាយតម្រូវការចាំបាច់នៅតាមមូលដ្ឋាន ក្នុងការឆ្លើយតបបានទាន់ សភាព ការណ៍ដូចជាករណីអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាដើម ។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ខេត្តព្រះសីហនុមានអំណោយផលល្អ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលដៅជាខេត្តទេសចរណ៍ អភិវឌ្ឍន៍ នឹងអាចជាខេត្តទំនើបជាងគេ ក្នុងការស្ថាបនាផ្លូវបេតុងនៅពេលខាងមុខ។

ឯកឧត្តមបន្តថា ក្រសួងមហាផ្ទៃ បានបន្ថែមក្របខ័ណ្ឌមន្ត្រីនគរបាលចំនួន ២០០នាក់បន្ថែមទៀត តាមតម្រូវ ការជាក់ស្តែង និងបណ្តុះបណ្តាលមន្ត្រីនគរបាលចំនួន ៤០០នាក់ ឱ្យមានជំនាញ ដើម្បីជួយពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបន្តផ្សព្វផ្សាយ បើកវេទិកាសាធារណៈដល់គោលដៅ និងធ្វើការវិភាគ វាយតម្លៃសភាពការណ៍ និងធ្វើផែនការ ផែនទីទីតាំងភូមិសាស្ត្រ ប្រើប្រាស់កម្លាំងរដ្ឋបាល កម្លាំងជំនាញល្បាតឈរជើង ពួនស្ទាក់បង្ការ ទប់ស្កាត់បទល្មើសបានទាន់ពេលវេលា។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានវាយតម្លៃ កោតសរសើរមន្ត្រីរបស់យើងដែលបានខិតខំប្រឹងប្រែងអនុវត្តន៍ការងារមិនខ្លាចនឿយហត់ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តមានការរីកចម្រើន ពិសេសលើវិស័យសំណង់ មានសន្ទុះ កើនឡើង ទន្ទឹមនោះយើងក៍ត្រូវមានផែទូកទេសចរណ៍ ក្នុងការតាមដានត្រួតពិនិត្យជនបរទេសដែលធ្វើដំណើរតាមទូកទេសចរណ៍ ឬទូកនេសាទ ក្នុងការ ធានាសន្តិសុខ សុវត្ថិភាពសាធារណៈ និងរបៀបរៀបរយ បម្រើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត ៕

ដោយ ងូ សុមុនី