ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍៖ បញ្ហា និងឧបសគ្គមួយចំនួនកំពុងកើតមានចំពោះ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍គឺការធ្លាក់ចុះនៃថវិកា​ជំនួយ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍បានលើកឡើងថា បើទោះបីប្រទេសកម្ពុជា បាន​ទទួល​ជោគ​ជ័យលើការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍គួរឱ្យកត់សម្គាល់យ៉ាង ណាក្តី ក៏បញ្ហា និងឧបសគ្គមួយចំនួនកំពុងកើតមាន ដូចជាបច្ចុប្បន្ននេះ អ្នកផ្ទុកមេរោគ អេដស៍មានប្រមាណ៧៣.០០០នាក់ ការចម្លងកើនឡើងក្នុងចំណោមយុវជន និងក្រុមបុរសរួម ភេទជាមួយបុរស អ្នកផ្ទុកមេរោគអេដស៍ប្រហែលជាមួយម៉ឺននាក់មិនទាន់បានមកទទួលសេវា​ព្យាបាល អ្នកជំងឺ២.០០០នាក់ បានចាកចេញពីការព្យាបាល និងការធ្លាក់ចុះនៃថវិកា​ជំនួយ​ពីដៃគូអភិវឌ្ឍន៍ជាដើម។ ការលើកឡើងនេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្តល់​សុពលភាព​លើសេចក្តីព្រាងផែនការ​យុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ សម្រាប់ឆ្នាំ២០១៩-២០២៣ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ កាលពីព្រឹក​ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើយោងតាមការផ្សាយរបស់អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍។ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ បានមាន ប្រសាសន៍ថា បញ្ហាទាំងអស់នេះ តម្រូវឱ្យយើងរួមគ្នាបន្តចូលរួមឆ្លើយតបរួមគ្នាដើម្បីសម្រេ ចបានការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់ការចម្លងរាលដាលមេរោគអេដស៍ និង ការគំរាមកំហែង នៃមេរោគអេដស៍ និងជំងឺអេដស៍ ត្រឹមឆ្នាំ២០២៥។ ឯកឧត្ដមទេសរដ្ឋមន្រ្ដី​បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងបានធ្វើសង្រ្គាមប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជិតបីទសវត្សរ៍កន្លងមកដល់​ពេល​នេះ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​​​មន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាឥស្សរជន​ឆ្នើម ថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្រ្វិក ឆ្លើយតបមេរោគអេដស៍​ជំងឺ អេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងការចូលរួមទាំងអស់គ្នាជាចលនាជាតិតែមួយ ពីក្រសួង ស្ថាប័នជាតិទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អន្ដរជាតិ សង្គមស៊ីវិល អ្នកផ្ទុក មេរោគអេដស៍ ក្រុមប្រឈម ព្រះរាជាណាចក្រកម្ពុជាបានទទួលជោគ​ជ័យធំៗគួរជាទី​មោទនៈ ដោយក្នុងនោះសមិទ្ធផលធំៗជាច្រើន។ សមិទ្ធផលធំៗទាំងនោះ រួមមាន៖ នៅឆ្នាំ​​២០០៦ អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ប្រទេសកម្ពុជា​សម្រេចបាន​ទិសដៅ​ព្យាបាលអ្នកជំងឺអេដស៍ លើសពី ៥០ភាគរយ នៅឆ្នាំ២០០៥។ នៅឆ្នាំ២០១០ អង្គការ​សហ​ប្រជា​ជាតិ បានទទួលស្គាល់ និងផ្តល់ពានរង្វាន់ដល់ប្រទេស​កម្ពុជា ដែលបានសម្រេច​គោល​ដៅ​អភិវឌ្ឍន៍សហសវត្សរ៍។ នៅឆ្នាំ២០១៧ អង្គការ UNAIDS បានវាយតម្លៃ និងផ្តល់​ប័ណ្ណសរសើរថាប្រទេសកម្ពុជា បានសម្រេចគោលដៅ ៩០-៩០-៩០ ជាមួយប្រទេស៦ ផ្សេង​ទៀតនៅ​ក្នុងពិភពលោក។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានជួយសង្រ្គោះអាយុជីវិតមនុស្ស​ប្រជា​ជន​កម្ពុជា ប្រហែលជាង​១លាននាក់ ពីការឆ្លងមេរោគអេដស៍ និងប្រមាណ៦០ម៉ឺននាក់​ពីការ​ស្លាប់​ដោយសារជំងឺអេដស៍ ដែលធ្វើឱ្យចំណេញយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ច។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានចាត់ទុកការពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតប​មេរោគអេដស៍និងជំងឺអេដស៍លើកទី៥ សម្រាប់ ឆ្នាំ២០១៩-២០២៣ ដែលមានបួន​យុទ្ធសាស្ត្រ រួមជាមួយនឹងការរៀបចំអនុវត្តន៍ និងការត្រួត ពិនិត្យ និងវាយតម្លៃ គឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីកំណត់នូវផែនទី ចង្អុលផ្លូវមួយ សម្រាប់ការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ក្នុងបរិការណ៍ថ្មីនេះ។ ឯកឧត្ដម​ បានបញ្ជាក់បន្ថែមទៀតថា ការងារប្រយុទ្ធនឹងជំងឺអេដស៍មិនទាន់ចប់ទេ យើងទាំងអស់គ្នា ត្រូវរួមជាចលនាជាតិមួយក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលឡើងវិញនៃមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅ ៩៥, ៩៥, ៩៥ នៅឆ្នាំ២០២៥ខាងមុខ៕

ដោយ ឡុង ស៊ីវ៉ាន់