យុវជនថ្នាលប្រដាល់សកល ឈ្នះមេដាយសំរឹទ្ធិ៤គ្រឿងពីព្រឹត្តិការណ៍ប្រដាល់សកលអាស៊ាន នៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — ក្រុមជម្រើសជាតិយុវជនប្រដាល់សកលកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធិ៤គ្រឿង ពីការ​ប្រកួត កីឡាប្រដាល់សកលអន្តរជាតិ កម្រិតអាស៊ាន ដោយបានបញ្ចប់កាលពីម្សិលមិញ នៅខេត្ត​ភូកេត ប្រទេសថៃ បន្ទាប់ពីដំណើរការអស់រយៈពេល១សប្តាហ៍។ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ការប្រកួតនេះ គឺជា​យុវជនថ្នាលជម្រើសជាតិកម្ពុជាឈ្នះមេដាយសំរឹទ្ធិ៤គ្រឿង ដែលដណ្តើមបានដោយកីឡាករ នៅ សុខទី ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម, កីឡាករ ពេញ វណ្ណថង ក្នុងប្រភេទទម្ងន់​៦០​គីឡូក្រាម, កីឡាការិនី យ៉ែម ស្រីនាង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងកីឡាការិនី វី ស្រីស្រស់ ឈ្នះមេដាយសំរឹទ្ធិ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ លោកបានបន្ដថា ការប្រកួត​នេះមានការចូលរួមពីកីឡាករ-កីឡាការិនីយុវជននៃបណ្តាប្រទេសចំនួន៦ ក្នុងតំបន់អាស៊ាន ដែលមានម្ចាស់ផ្ទះ ថៃ ហ្វីលីពីន វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។

អគ្គលេខាធិការរូបនេះបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលយុវជនថ្នាលកម្ពុជា​បានខិតខំអស់ពីសមត្ថភាព និងប្រជែងបានមេដាយសំរឹទ្ធិចំនួន៤វិញ្ញាសានេះ។ លោកបន្ថែម​ទៀត​ថា ជាគោលដៅ ការអភិវឌ្ឍយុវជនថ្នាលប្រដាល់សកលនឹងត្រូវយកចិត្តទុកដាក់​ក្នុងការ​បង្កើនគុណភាពរបស់ពួកគាត់ ដើម្បីត្រៀមចូលរួមប្រកួតលើឆាកអន្តរជាតិ ជាពិសេសគឺក្នុង​ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ៕

ដោយ ហេង ណាលីន