អ្នកជំនាញទេសចរណ៍កម្ពុជាចំនួន៧០នាក់ ទទួលបានការពង្រឹងសមត្ថភាពភាសាជប៉ុន​សម្រាប់វិស័យទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងមជ្ឈ​មណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន អ្នកជំនាញទេសចរណ៍កម្ពុជាប្រមាណ៧០នាក់ បាន​និងកំពុងទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសាជប៉ុន ដើម្បីលើកកម្ពស់​សមត្ថ​ភាពជំនាញភាសាជប៉ុន ឱ្យកាន់តែមានលក្ខណៈស្ទាត់ជំនាញ។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពី​រសៀល​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង​ទេស​ចរណ៍ បានគូសបញ្ជាក់ពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោមម្លប់នៃសុខ​សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានលើកឡើងថា សិក្ខាសាលា​បណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងចំពេលវេលា និងស្របតាមសំណូមពររបស់អ្នក​ជំនាញទេសចរណ៍ នៅក្នុងការចូលរួមកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម សម្រាប់លើកកម្ពស់សមត្ថភាពជំនាញភាសាជប៉ុន ឱ្យកាន់តែមានលក្ខណៈស្ទាត់​ជំនាញ ក្នុង​ការចូលរួមផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងពេញចិត្តពីសំណាក់​ភ្ញៀវ​ទេសចរ ជាពិសេសទេសចរជប៉ុន ដែលបាននិងកំពុងមានការកើនឡើងជាលំដាប់ក្នុងការមកទស្សនា​នៅកម្ពុជា។

គួរកត់សម្គាល់ថា សម្រាប់រយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវ​ទេសចរអន្តរជាតិជាង៣.៨លាននាក់ កើនឡើង ១១.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​ក្នុង​ឆ្នាំ២០១៨ ដោយក្នុងនោះកម្ពុជាបានទទួលទេសចរជនជាតិជប៉ុនចំនួន១១៣.១៥៩នាក់ កើនឡើងប្រមាណ២.៦ភាគរយ។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវ​ទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត១លាន​នាក់។ ជាមួយគ្នានេះ សម្រាប់សិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់​តំណាងប្រធាន​ផ្នែកទទួលបន្ទុកទេសចរណ៍ និងជាតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សាស្រ្តាចារ្យនៃ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មន្រ្តីជំនាញ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត ដែលចូលរួមសរុបប្រមាណ ៧០នាក់

ដោយ ម៉ៅ ចរិយា