គ្រូបង្គោលកម្ពុជា៖ អ្នកគាំទ្រ គឺជាកីឡាករទី១២ ក្នុងទីលានប្រកួត

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — លោក Felix G. Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជានិយាយថា ចំពោះការគាំទ្រ របស់ អ្នកទស្សនា គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការផ្តល់កម្លាំងចិត្តធ្វើ​ឱ្យការប្រកួតកាន់​តែខ្លាំង​ក្លា ដោយលោកប្រៀបធៀបថា អ្នកគាំទ្រគឺជាកីឡាករទី១២ នៅក្នុងការប្រកួតលើទីលាន។ ការលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក Felix G. Dalmas បានបញ្ជាក់ថា លោកពិតជារីករាយដែលនឹងត្រូវប្រកួតជាមួយ​ក្រុមមួយដ៏អស្ចារ្យ ដែលមានកម្រិតខ្ពស់ជាងក្រុមកម្ពុជា គឺក្រុមជម្រើសជាតិបារ៉ែន ដែល​ត្រូវ​ប្រកួតជាមួយគ្នា នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក សម្រាប់ជំនួបទី២ វគ្គសន្សំពិន្ទុ ក្នុងពូល C ជុំទី២ នេះ នៃព្រឹត្តិ ការណ៍ FIFA World Cup Qatar 2022។ ទោះជាលទ្ធផលបែបណាក៏ដោយ ក៏លោកនឹងព្យាយាមឱ្យកូនក្រុមលេងដោយឆន្ទៈ និងស្មារតីជាក្រុមឱ្យបានប្រសើរ សម្រាប់ជាតិរបស់ខ្លួន។ លោករំពឹងថា ប្រិយមិត្តអ្នកគាំទ្រ​កម្ពុជា​នឹងបន្តចូលរួមទស្សនាលើកទឹកចិត្តឱ្យបានច្រើនកុះករ ដូចកាលប្រកួតជាមួយក្រុម ហុងកុង កន្លងទៅថ្មីៗនេះ។ លោកសប្បាយចិត្ត ដែលធ្វើឱ្យប្រជាជនខ្មែរទទួលយកបាន និងផ្តល់ការគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ហើយយើងនៅតែរក្សាទម្រង់លេងនៅដដែល ដើម្បីគោលដៅអភិវឌ្ឍន៍ឆ្ពោះទៅមុខជានិច្ច។
ចំណែក លោក Helio Sousa គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន បាន​និយាយ​ដែរថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេច និងប្តេជ្ញាខិតខំលេងឱ្យអស់ពី​សមត្ថភាព ដើម្បីប្រជែងយកលទ្ធផលល្អមួយជូនជាតិរបស់ខ្លួន។

លោកបញ្ជាក់ថា ក្រុមទាំង​ពីរបារ៉ែន-កម្ពុជាមិនធ្លាប់ប៉ះគ្នាពីមុនមក ហើយលោកមកទីនេះ ដើម្បីអភិវឌ្ឍន៍​ក្រុមរបស់ខ្លួន​ផង ហើយក៏អាចមើលឃើញពីកម្រិតបច្ចេកទេសពីក្រុមម្ចាស់ផ្ទះកម្ពុជាផងដែរ។ លោក កំពុង​ប្រមូលអារម្មណ៍សម្រាប់ការប្រកួតថ្មីមួយជាមួយក្រុមម្ចាស់ផ្ទះ ដែលកីឡាករកម្ពុជាលេង ក្នុង​ទឹកដីរបស់ខ្លួន ដោយប្តេជ្ញាចិត្តខ្ពស់ក្នុងការលេងឱ្យអស់ពីសមត្ថ ភាពដូចគ្នា។ លោកក៏បាន​មើលឃើញពីការលេងបានល្អកន្លងមករបស់កម្ពុជា ជាពិសេសគឺក្រុមកម្ពុជាលេងបានល្អ​សម្រាប់ក្នុងដី ដែលមានទីលានស្មៅសិប្បនិម្មិត ខណៈក្រុម កីឡាករបារ៉ែនលេងលើ​ស្មៅ​ធម្មជាតិ។ ទោះយ៉ាងណាលោកបានបង្ហាញនូវមហិច្ឆតារបស់ខ្លួនថា​ធ្វើយ៉ាងណា ដើម្បីប្រជែង​ឱ្យបាន៣ពិន្ទុពីម្ចាស់ផ្ទះកម្ពុជា។

គួរបញ្ជាក់ថា យោងតាមគេហទំព័រ FIFA បានបង្ហាញចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) របស់ក្រុមបារ៉ែន ឈរនៅចំណាត់ថ្នាក់លេខ១០៩ រីឯក្រុមកម្ពុជាកំពុងឈរនៅ​ចំណាត់​ថ្នាក់លេខ ១៧០៕

ដោយ ហេង ណាលីន