ប្រធានក្រុមប្រឹក្សា“មូលនិធិគន្ធបុប្ផាកម្ពុជា”អំពាវនាវនិងបន្តលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនចូលរួមបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា

AKP Pភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានក្រុមប្រឹក្សាបរធនបាលនៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បានលើកទឹកចិត្តដល់សាធា រណជន និងបណ្តាក្រុមហ៊ុនឯកជន ឱ្យបន្តចូលរួមគាំទ្រ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ។

ការអំពាវនាវនេះធ្វើឡើង ខណៈលោកជំទាវឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងលោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងក្រុមគ្រួសារ ព្រមទាំងសហការី ដែលបាននាំមកនូវថវិកាសប្បុរសធម៌ចំនួន ៥០០.០០០ ដុល្លារអាម៉េរិក បរិច្ចាគជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” ដែលជាការចូលរួមបរិច្ចាគនេះជាលើកទី ២ របស់ក្រុមហ៊ុន ជីប ម៉ុង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ដោយប្រកាន់ខ្ជាប់នូវស្មារតី និងគុណធម៌ “ខ្មែរ ជួយ ខ្មែរ” ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមអំពាវនាវ និងបន្តលើកទឹកចិត្តថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ឱ្យចូលរួមអំពាវនាវ និងបំផុសឱ្យមានការចូលរួមបន្ថែមទៀត ជាពិសេសពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ដើម្បីក្លាយជាសមាជិកគាំទ្ររបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្តថា «ការចូលរួមបរិច្ចាគនេះ ជាកាយវិការដ៏សប្បុរសធម៌ ឆ្លើយតបចំពោះការអំពាវនាវ និងលើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំផុសចលនាផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលរួមជាសមាជិក មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី និងសាបព្រោះនូវគុណធម៌ “ខ្មែរ ជួយ ខ្មែរ”» ។

ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភា    ចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងអំពីសាវតារនៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដល់ លោកជំទាវឧកញ៉ា ភាព ហៀក និង លោកឧកញ៉ា លាង ឃុន ចំពោះការផ្តល់វិភាគទានដ៏សប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នេះ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានរម្លឹកអំពីការចូលរួមចំណែករបស់មូលនិធិគន្ធបុប្ផាស៊្វីស និងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ផងដែរ ។

ជាការឆ្លើយតប លោកឧកញ៉ា លាង ឃុន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេស ការគិតគូរអំពីសុខុមាលភាពរបស់កុមារ តាមរយៈការបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា នេះឡើង ដើម្បីចូលរួមធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ។ លោកឧកញ៉ា ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការងារមនុស្សធម៌នេះ៕

ដោយ គង់ សិរីរ័ត្ន