គម្រោងវិនិយោគលើការដាំឈើបម្រើឱ្យវិស័យឧស្សាហកម្មឈើកែច្នៃ និងសម្រាប់បម្រើឱ្យការសាងសង់អគារ រោងចក្រគ្រឿងសង្ហារឹម

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​ — នៅទីស្តីការក្រសួងកសិកម្ម ព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ ដឹកនាំដោយ Mr. Lu Chu Chang ដោយក្រុមហ៊ុនមានគោលបំណងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបអំពីវឌ្ឍនភាព នៃគម្រោងវិនិយោគលើការដាំឈើបម្រើឱ្យវិស័យឧស្សាហកម្មឈើកែច្នៃ និងសម្រាប់បម្រើឱ្យការសាងសង់អគារ រោងចក្រគ្រឿងសង្ហារឹម និងនាំចេញ។

នៅក្នុងកិច្ចជំនួបនេះ Mr. Chang បានសម្តែងអំណរគុណចំពោះរដ្ឋបាលព្រៃឈើ និងជាពិសេសឯកឧត្តម រដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការ លើកទឹកចិត្ត និងគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ការដាំឈើតាំងពីដំបូង រហូតមកទល់បច្ចុប្បន្ន ហើយលោកសង្ឃឹម និងជឿជាក់ថា រដ្ឋបាលព្រៃឈើ ក៏ដូចជាក្រសួង នឹងបន្តផ្តល់កិច្ចសហការ ដើម្បីឱ្យក្រុមហ៊ុនឈានទៅសម្រេចបាននូវផែនការវិនិយោគដូចការរំពឹងទុក។ ឆ្លៀតយកឱកាសនេះ ក្រុមការងាររបស់លោកបានរាយការណ៍អំពីសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន នាពេលបច្ចុប្បន្នមានដូចជាការបណ្តុះកូនឈើពូជ ការដាំដុះ រួមមាន កូនឈើប្រេងខ្យល់ អាកាស្យា មៃសាក់ រកា។ល។

ចាប់តាំងពីឆ្នាំ២០១៧ មកបច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការដាំដុះប្រភេទឈើខាងលើបានជាង ២.០០០ហិកតា ហើយកំពុងរៀបចំផែនការពង្រីកការដាំដុះឱ្យបាន ៥.០០០ ហិកតា បន្ថែមទៀតក្នុងឆ្នាំ២០២០។

លោក Lu Chu Chang ក៏បានបញ្ជាក់ផងដែរថា ដោយសារក្រុមហ៊ុនបានបោះទុនវិនិយោគជាង ២លានដុល្លារអាម៉េរិក បង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កាត់ពូជឈើនៅខេត្តកំពង់ធំ ដើម្បីធ្វើការផ្សព្វផ្សាយពូជឈើ បណ្តុះបណ្តាលបច្ចេកទេស លើកកម្ពស់គុណភាពឈើ និងនិរន្តភាពនៃការផ្គត់ផ្គង់កូនឈើពូជ និងជាពិសេសដោយសារភាពអំណោយផលនៃក្សេត្របរិស្ថាននៃប្រទេសកម្ពុជា ពូជឈើដែលកំពុងដាំដុះនោះនឹងមានអាយុត្រឹមតែ ៦ឆ្នាំ អាចប្រមូលផលបាន ១៥០ម៉ែត្រគូប ក្នុង១ហិកតា។

ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមានការដាំ ការបណ្តុះកូនឈើ និងជាពិសេសបានបង្កើតវិទ្យាស្ថានស្រាវជ្រាវដាំឈើ ដែលវិទ្យាស្ថាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា តាមរយ:ការងារស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះកូនឈើ និងដាំឈើស្តារព្រៃឈើឡើងវិញ ស្រមតាមគោលនយោបាយរបស់ក្រសួង និងជាពិសេសរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពលើការងារដាំដុះឱ្យគ្រប់តាមផែនការដែលបានគ្រោងទុក។ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ក្នុងបំណងជួយលើកទឹកចិត្ត និងគាំទ្រលើការវិនិយោគរបស់ក្រុមហ៊ុន ប្រយោជន៍ដើម្បីលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ផលិតផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល និងនិរន្តរភាពសេដ្ឋកិច្ចជាតិ៕

ដោយ សេង សុវណ្ណនី(ប្រភពក្រសួងកសិកម្ម)