ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ​នៅ​ក្នុងខេត្តកំពង់ចាម 

AKP កំពង់ចាម ថ្ងៃទី១០ ខែកញ្ញា ​ឆ្នាំ២០១៩ — នៅសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈ​កម្មាធិ​ការ​ជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ​នៅ​ក្នុងក្រុង ខេត្តកំពង់ចាម ដែលអមដំណើរដោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយមន្រី្តពាក់ព័ន្ធបានចុះពិនិត្យនៅតាមបណ្តោយមាត់ទន្លេមេគង្គក្នុងក្រុង កំពង់ចាមចាប់ពីចណុច កំពង់រង់ចាំរហូដល់ស្តូបមិត្តភាពកម្ពុជាវៀតតណាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​គ្រប់​គ្រងគ្រោះមហន្តរាយខេត្តបានឱ្យដឹងថា គ្រប់វិធានការទាំងអស់ រដ្ឋបាលខេត្ត​បានត្រៀម​លក្ខណៈ​រួចរាល់ដើម្បីទប់ស្កាត់គ្រោះហានិភ័យនៃគ្រោះមហន្តរាយ ដែលកើតឡើង​ដោយទឹក​ជំនន់​ទន្លេមេគង្គដែលកំពុងហក់ឡើង។ យើងបានប្រើប្រាស់កម្លាំងសរុប មធ្យោ បាយ ​និងធនធានដែលមានស្រាប់ជួយប្រជាពលរដ្ឋ ដែលបានរងគ្រោះជាបន្តបន្ទាប់ រួមមានការជួយរុះរើផ្ទះប្រជាពលរងគ្រោះដោយបាក់ច្រាំងទន្លេ និងបានត្រៀមទីទួលសុវ្ថិភាពសម្រាប់ពួកគាត់បានមកស្នាក់នៅហើយ យើងបានយកចិតទុកដាក់ក្នុងការថែទាំ និងការពារចសន្តិសុខ សុវត្ថិភាពដល់ពួកគាត់ក្នុងការរស់នៅ។

ឯកឧត្ដមអភិបាលខេត្ដ បន្ដទៀតថា គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ​​​ ក្នុងកម្រិតកម្ពស់ទឹកទន្លេមេគង្គដែលពិនិត្យឃើញនៅស្ថានីយជលសាស្ត្រខេត្ត​កំពង់ចាម មានកម្ពស់ ២៥,៦៤ម៉ែត្រ ដែលកម្រិតកម្ពស់ទឹកត្រូវប្រកាសអាសន្នឱ្យប្រុងប្រយ័ត្ននៅខេត្តកំពង់ចាមគឺ ២៥,២០ម៉ែត្រប៉ុណ្ណោះ។ យើងកំពុងធ្វើការអន្តរាឝមន៍បូមទឹកចេញពីក្រុងកំពង់ចាមផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការ​ផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេច​ទាំងពីរតែងតែខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋដោយក្តីព្រួយបារម្ភបំផុត ដោយមិនទុកឱ្យពលរដ្ឋរងគ្រោះឡើយ។ ដូចនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមនិងតាមដានជានិច្ចនៅស្ថានភាពទឹកជំនន់ក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីអន្តរាគមន៍សង្រ្គោះ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញឱ្យអាជ្ញាធរខេត្ត ត្រូវធ្វើរបាយការណ៍ឱ្យបានលម្អិត ជាក់ស្តែង ពិសេសត្រូវត្រៀមផែនការ​គ្រប់គ្រងគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវត្រៀម មធ្យោបាយ សម្ភារ ការត្រៀមកម្លាំង សម្រាប់ជួយអន្តរាគមន៍ និងត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលបានជន្លៀលមកកាន់ទីទួលសុវត្ថិភាព ជួយការពានូវសន្តិសុខសាធារណៈ ត្រៀមបំរុងនូវបរិក្ខារពេទ្យ និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានប្រុងប្រយ័ត្នខ្ពស់ ទាំងការរស់នៅ និងសុខភាពត្រូវរស់នៅស្អាត ហូបស្អាត និងផឹកស្អាតជាប្រចាំ៕

ដោយ ឆាយ ម៉ុត