ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យស្ថានភាពច្រាំងទន្លេដែលបាក់ស្ថិតនៅភូមិរនៈ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ 

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — នៅព្រឹកចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣​ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញនិងអាជ្ញាធរដែនដី បានចុះទៅពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែងដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈទឹកទន្លេកំពុងឡើងជិតដល់កម្រិតប្រកាសអាសន្នហើយនោះ។ ដែលការចុះមកពិនិត្យលើទីតាំងខាងលើនេះ គឺក្នុងគោលបំណងដើម្បីទប់ស្កាត់ ធ្វើយ៉ាងណាកុំឱ្យច្រាំងទន្លេខាងលើមានការបាក់ស្រុតបន្តទៀត ។

ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញដែលចុះមកដល់ទីតាំងនេះ ធ្វើយ៉ាងណាដាក់បាវខ្សាច់ជាមួយនឹងថ្មទម្លាក់ចូលទៅក្នុងច្រាំងទន្លេដែលបាក់ស្រុតដើម្បីទប់ស្កាត់កុំឱ្យបាក់បន្តទៀត។

បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់កោះដាច់បានឱ្យដឹងថា ច្រាំងទន្លេដែលទទួលរងការបាក់ស្រុតនេះបានកើតឡើងប្រមាណជាពីរទៅបីថ្ងៃមកហើយ ពោលគឺខណៈដែលជំនន់ទឹកទន្លេបានហក់ឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយទំហំនៃការបាក់ស្រុតនេះមានប្រវែងប្រមាណ ២០ម៉ែត្រ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ផងដែរថា ជាជំហានដែលយើងត្រូវអនុវត្តន៍នេះ គឺយើងចាប់ផ្ដើមធ្វើការបោះបង្គោលទប់ដីកុំឱ្យហូរទៅបាតទន្លេ រួមនឹងការចាក់ថ្ម ដាក់បាវខ្សាច់ចូលទីកន្លែងដែលបាក់ស្រុតនេះ ជាមួយនិងការបញ្ជូនសាឡង់មួយគ្រឿងដើម្បីដាក់ខ្សាច់មកចាក់នៅទីតាំងខាងលើនេះផងដែរ សំដៅធ្វើយ៉ាងណាកុំឱ្យមានការបាក់ច្រាំងបន្តទៀត ដោយសារតែច្រាំងទន្លេនេះនៅជាប់នឹងផ្លូវបេតុងមួយខ្សែនៅក្នុងភូមិនេះតែម្ដង។ អ្វីដែលជាគោលការណ៍ខាងមុខ នៅពេលទឹកស្រករដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការបុកស៊ីផាយនៅទីតាំងខាងលើនេះបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់នូវការបាក់ស្រុតច្រាំងទន្លេនេះនៅឆ្នាំក្រោយៗទៀត។

ពាក់ព័ន្ធនឹងការបម្រើសេវាជូនប្រជាពលរដ្ឋខាងលើនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានតាមដាន និងណែនាំផ្ទាល់នៅទីតាំងកើតហេតុ ដើម្បីឱ្យការទប់ច្រាំងទន្លេនេះទទួលបានជោគជ័យ បំបាត់នូវភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់កោះដាច់នេះ។

ក្រោយពីចុះធ្វើការពិនិត្យទីតាំងច្រាំងទន្លេនៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់រួចមក ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ បានបន្តដំណើរចុះមកធ្វើការពិនិត្យច្រាំងទន្លេមួយកន្លែងទៀតនៅក្នុងភូមិខ្ទរ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ដែលទីតាំងនេះក៏បានទទួលរងការគម្រាមកំហែងដោយការបាក់ច្រាំងទន្លេផងដែរ ខណៈវិស័យឯកជនបានកំពុងតែចាក់ដី ថ្មចូលច្រាំងទន្លេដើម្បីបង្ការកុំឱ្យបាក់ចូលភូមិដ្ឋានរបស់ពួកគាត់។ ទោះបីជាយ៉ាងណាក្តីពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្ដម ឃួង ស្រេង  បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគាំទ្រចំពោះការបង្ការ និងទប់ស្កាត់កុំឱ្យបាក់ច្រាំងទន្លេនេះ តែសុំឱ្យបងប្អូនប្រជាពល រដ្ឋសុំច្បាប់មករដ្ឋបាលរាជធានី នោះរដ្ឋបាលរាជធានីនឹងអនុញ្ញាតច្បាប់ជូនដើម្បីឱ្យការចាក់ថ្ម ដីចូលច្រាំងទន្លេនេះមានលក្ខណៈត្រឹមត្រូវតាមច្បាប់៕

ដោយសួស សំរិត