ជោគជ័យនៃការកែទម្រង់ការគ្រប់គ្រងហិរ​ញ្ញ​វ​ត្ថុ ​ធ្វើឱ្យរាជរដ្ឋាភិបាល អាចបង្កើ​ន​​ជាបណ្តើរៗសម្រាប់វិនិយោគសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ជោគជ័យនៃការកែទម្រង់ការ គ្រប់គ្រងហិរ​ញ្ញ​វ​ត្ថុ ​បានធ្វើឱ្យរាជរដ្ឋាភិបាលអាចបង្កើ​ន​​ជាបណ្តើរៗសម្រាប់វិនិយោគសាធារណៈលើ វិស័យសំខាន់ៗ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីវិធាន និងបទបញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើ​នថវិកា វិស័យអប់រំ និងសុខាភិបាល និងមានលទ្ធភាពអាចបង្កើនបៀវត្សរ៍ ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបានរួមចំណែកជួយឱ្យរាជរដ្ឋាភិបាលធានា បានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ដែលជាបុរេលក្ខខណ្ឌអនុគ្រោះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ថែមទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ទៀតថា បច្ចុប្បន្នការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរ​ញ្ញ​វ​ត្ថុ​សាធារណៈកំពុងស្ថិតនៅក្នុងដំណា​ក់កាលទី៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយជាអាទិភាព​របស់រាជរដ្ឋាភិបាល ដែល​នឹងត្រូវបញ្ចប់នៅឆ្នាំ២០២០ខាងមុខ មុននឹង ឈានទៅចាប់ផ្តើមដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងគោលដៅគឺដើម្បីបង្កើន គណនេយ្យភាព សមិទ្ធកម្ម។

ក្នុងទិសដៅនេះ ឯកសារយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨​-​២០២៥ ដែល​ជាស្នូលនៃកម្មវិធីកែទម្រ​ង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត​ដាក់ឱ្យ អនុវត្តន៍នៅក្នុងឆ្នាំ២០១៨ កន្លងទៅក្នុងគោលបំ​ណ​ងប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធ​ថវិកាកម្ពុជាឱ្យក្លាយ ជាប្រព័ន្ធមួយ ដែលមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវ​ត្ត​អន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា  ការកែទម្រង់ប្រព័ន្ធថវិកា គឺមិនគ្រាន់តែជាការផ្លាស់ប្តូរ របៀបរបបនៃការគ្រប់​គ្រង​ថវិកា​ប៉ុណ្ណោះទេ ប៉ុន្តែការងារ​នេះ គឺជាអភិក្រមដ៏សំខាន់មួយ នៃការកែទម្រង់ អភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈជូនប្រជា ពលរដ្ឋថែមទៀតផង។ ទន្ទឹមនេះ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាបាន ចង្អុលបង្ហាញឱ្យមាន យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ហើយដែលទើបត្រូវបានរាជ រដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការក្នុងពេលថ្មីៗនេះ ដោយហេតុ​ថា ការគ្រប់គ្រងកិច្ចលទ្ធ កម្មសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងចំណាយសាធារណៈរបស់រាជរដ្ឋាភិបាល។

ដូច្នេះ វគ្គបណ្តុះបណ្តាល និងវិក្រឹតការនៅពេលនេះ គឺពិតជាបានរៀបចំឡើងទាន់ពេលវេលា និង ឆ្លើយតបពិតប្រាកទៅនឹងតម្រូវការ សម្រាប់ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេស គឺស្របតាមស្មារតីនៃ យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥ និង ផែនការយុទ្ធសាស្រ្តស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ។

ក្នុងវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី វិធាន និងបទបញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈព្រឹកមិញនេះ មានមន្រ្តីលទ្ធកម្មចំនួន ១៦២នាក់ មកពីក្រសួងចំនួន ៤ រួមមានៈ ក្រសួងធនធានទឹក និងឧតុនិយម  ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​បរិស្ថាន និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកប​ដោយ​ប្រសិទ្ធភាព និងចីរភាព៕

ដោយ គង់ សិរីរ័ត្ន