រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ ខេត្តចំនួន១១ ទទួលរងទឹកជំនន់ ទឹកភ្លៀង ធ្វើឱ្យផ្លូវ៣៦ខ្សែ ខូចខាត​ និងមានប្រវែងសរុប៦០គីឡូម៉ែត្រ

AKP កំពត ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ខេត្តចំនួន១១ បានទទួលរង​ទឹកជំនន់ ដោយសារភ្លៀងធ្លាក់ បណ្តាលឱ្យផ្លូវ៣៦ខ្សែ ត្រូវខូចខាតដែលមានប្រវែងសរុប៦០​គីឡូម៉ែត្រ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងការដឹកនាំមន្ដ្រីបច្ចេកទេសក្រោមឱវាទក្រសួងអញ្ជើញចុះពិនិត្យស្ថានភាព​ផ្លូវលេខ​៣៣ និងផ្លូវជាតិលេខ៣ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូល​រួមពី​ថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទី ប្រឹក្សាបច្ចេកទេស មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តកែប និងខេត្តកំពត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានធ្វើឱ្យផ្លូវជាតិលេខ៣ និងផ្លូវលេខ៣៣ ទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យផ្លូវទាំងនេះ​មានការខូចខាតជាច្រើនកន្លែង។ 

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ គឺមានខេត្តចំនួន ១១ ដែលទទួលរងនូវ​ទឹក​​ជំនន់​ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃ បង្កឱ្យមានការខូចខាតផ្លូវចំនួន៣៦ខ្សែ សរុបប្រវែង៦០គីឡូម៉ែត្រ ក្នុងនោះក៏មានខេត្តកែប និងខេត្តកំពតផងដែរ។ ឯកឧត្ដមបាន​បន្ដថា “ផ្លូវមានការខូចខាតដោយសារកត្តាអាកាសធាតុ ដោយសារមានភ្លៀងធ្លាក់ជោគ​ជាំជា​ច្រើនថ្ងៃ តំបន់ខ្លះមានប្រភេទដីទន់(ដីស្អុយ) ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ បានធ្វើ​ឱ្យ​ផ្លូវឆាប់ទទួលរងការខូចខាត”។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដទៀតថា សម្រាប់កំណាត់ផ្លូវជាតិលេខ​៣ (កំពត-វាលរេញ)ត្រូវបានធ្វើការសិក្សាបច្ចេកទេសឡើងវិញ ដើម្បីធ្វើឱ្យប្រសើរឡើង ដោយ​ចាក់ថ្មគ្រឹះ និងលើកតួផ្លូវកម្ពស់០,៨ម៉ែត្របន្ថែមទៀត។ ឯកឧត្ដមបានលើកឡើងថា ក្រសួង​នឹងបញ្ចេញគ្រឿងចក្រធ្វើការជួលជុលបន្ទាន់ បន្ទាប់ពីទឹកភ្លៀងឈប់ធ្លាក់ ដើម្បីឱ្យបងប្អូន​ប្រជាពលរដ្ឋមានការងាយស្រួលក្នុងការធ្វើដំណើរ។ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានស្នើឱ្យក្រុម​ហ៊ុន​សាងសង់ស្រោចទឹកលើផ្លូវឱ្យបានញឹកញាប់ ក្នុងអំឡុងពេលសាងសង់ ដើម្បីកាត់បន្ថយការ​ហុយដី ប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចបង្កឱ្យកើតមានជំងឺផ្សេងៗ​ ជាពិសេស​អាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុក្នុងពេលធ្វើដំណើរ។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមានការ​យោគ​យល់អធ្យាស្រ័យ ចំពោះការហុយធូលី ការកកស្ទះចរាចរណ៍ និងពិបាកធ្វើដំណើរក្នុងពេល​សាងសង់ និងសូមកុំបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបណ្ដាលឱ្យផ្លូវរបស់​ឆាប់​ខូចខាត នាំឱ្យខាតបង់ថវិកាជាតិ។

សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យផ្លូវជាតិលេខ៣ និងផ្លូវលេខ៣៣របស់ ឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុម​ការងារនេះ គឺដើម្បីធ្វើការជួសជុលឱ្យបានរួចរាល់នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីរៀបចំ    ព្រឹត្តិការណ៍ធំៗចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់ពីថ្ងទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែល​ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០ខាងមុខ៕

ដោយ ប៊ុនរិទ្ធ