រដ្ឋមន្ត្រីក្រសួងកសិកម្ម ទស្សនកិច្ចសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតនៅក្នុងខេត្តកំពត

AKP កំពត ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ  រួមជាមួយមន្ត្រី ខេត្តកំពត បានជួបសំណេះសំណាលជាមួយ សមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន ៣៣ គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកត្នោត ស្រុកកំពត ខេត្តកំពត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

លោក សឹម ហីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានឱ្យដឹងថា សហគមន៍​នេះ​បានបង្កើតឡើងនៅឆ្នាំ២០០៩ ចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនៅក្នុងឆ្នាំ២០១១ ហើយបច្ចុប្បន្នមានសមាជិកចំនួន៧៣៤ នាក់ មកពី ៥២៧គ្រួសារ មានផ្ទៃដី៣៣៧ហិកតា គ្របដណ្តប់ទូទាំងឃុំព្រែកត្នោត ដែលមាន៣ភូមិ។ ក្នុង​ចំណោមនោះ មានផ្ទៃដីព្រៃកោងកាង ៣៧ ហិកតា ដាំបន្ថែមបាន៣ម៉ឺនដើម ហើយក៏មាន​គម្រោងដាំបន្ថែមទៀតដើម្បីពង្រីកផ្ទៃដីឈើកោងកាងសម្រាប់ ជាប្រយោជន៍ដល់ប្រជាសហ​គមន៍នាពេលអនាគត។ លោកបន្ដថា កាលពីមុនបង្កើតសហគមន៍ ប្រជាពលរដ្ឋក្នុង១ថ្ងៃ ចេញ​ទៅនេសាទរកបានចំណូលត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ តែបច្ចុប្បន្នចំណូលប្រជាជន​ក្នុង​សហគន៍កើនដល់៤-៥ម៉ឺនរៀលក្នុងមួយថ្ងៃៗ។ ដោយឡែកចំពោះសហគមន៍​អាចរកចំណូល​បាន ៤-៥លានរៀលក្នុងមួយថ្ងៃៗ តាមរយ:ការផ្តល់សេវាម្ហូបអាហារ ផ្ទះសំណាក់ ទូក​ទេស​ចរណ៍ និងអាជីវកម្មផ្សេងៗទៀត។ ក្រៅពីចំណូល សហគមន៍បានចូលរួម​ការពារព្រៃ​កោង កាង ទប់ស្កាត់ការទន្រ្ទានយកដី និងព្រៃកោងកាងធ្វើជាកម្មសិទ្ធិ ការពារផលនេសាទ និងជីវៈចម្រុះគ្រប់ប្រភេទសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយកាត់បន្ថយចំណាកស្រុក ក្មួយៗ កុមារមានឱកាសចូលរៀនគ្រប់ៗគ្នា។ លោកប្រធានសហគមន៍បាន សម្តែងនូវក្តីបារម្ភទាក់​ទង​ការងារគ្រប់គ្រងសំរាម បទល្មើសនេសាទ ព័ត៌មានស្តីពីគម្រោងអភិវឌ្ឍន៍គម្រោងដែល​អាច​ប៉ះពាល់ដល់សហគមន៍។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ  បានពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេច​តែងតែគិត គូរពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា។ ឯកឧត្តមបានសាកសួរនាំអំពី​សុខ​ទុក្ខ សកម្មភាពនៃការផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវ ការងារបង្កបង្កើនផល សកម្មភាព​អភិវឌ្ឍន៍សហគមន៍ ព្រមទាំងបានកោតសរសើរចំពោះឆន្ទៈរបស់ប្រជាសហគមន៍ក្នុងការ​ការ​ពារ ថែរក្សា អភិវឌ្ឍន៍ និងអភិរក្សដី និងព្រៃកោងកាងក្នុងតំបន់នេះបានល្អប្រសើរ។ ជាមួយ​គ្នានេះ សហគមន៍ក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍សហគមន៍ រហូតទទួលបានកេរ្តិ៍ឈ្មោះ​ល្បី​ថាជាតំបន់ទេសចរណ៍ធម្មជាតិព្រៃ កោងកាងដ៏ល្អប្រណិតក្នុងខេត្តកំពត ដែលទាញយក​ផលពីការអភិវឌ្ឍនេះធ្វើឱ្យជីវភាពមានការប្រែប្រួលជាវិជ្ជមាន តាមរយ:ចំណូលគ្រួសារ​មានចីរភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្ត និងបន្តគាំទ្ររាល់សកម្មភាព​អភិវឌ្ឍន៍ និងអភិរក្សរបស់សហគមន៍ ដើម្បីការពារតំបន់នេះដែលជាសម្បត្តិធម្មជាតិរបស់ជាតិ និងនិរន្តរភាព នៃកំណើនសេដ្ឋកិច្ចសហគមន៍ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមក៏បានណែនាំឱ្យប្រធានសហគមន៍ និងសមាជិក ខិតខំសិក្សារៀនសូត្របន្ថែម ទាក់ទងការងារគ្រប់គ្រង ដឹកនាំសហគមន៍ ទេសចរណ៍ ផ្ទះសំណាក់ និងសេវាកម្មផ្សេងៗ ទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍នេះ​ឱ្យមានការរីកចម្រើន​ថែម​ទៀត។ ដោយឡែក រដ្ឋបាលជលផល សហការជាមួយមន្ទីរសិក្សាពីលទ្ធភាពបង្កើត​អាជីព​បន្ថែម​ដូចជាចិញ្ចឹមត្រី ដើម្បីបង្កើនប្រាក់ ចំណូល។

យោងលើសំណូមពររបស់លោកប្រធានសហគមន៍ ទាក់ទងបទល្មើសនេសាទ ឯកឧត្តម វេង សាខុន ក៏បានណែនាំឱ្យរដ្ឋបាលជលផល មន្ទីរកសិកម្ម និងសហគមន៍ចាត់​វិធានការឱ្យ​បាន​ទាន់ពេលវេលា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងកសិកម្ម)