បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្រុងសៀមរាប

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ -ក្រុមលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាព​ចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដែល​ដឹកនាំ​ដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមានការសហការពី លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំមន្ត្រីជំនាញ និងបានសហការជាមួយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្នុងវិស័យ​សាធារណការ និងដឹកជញ្ជូន ព្រមទាំងនាយកប្រតិបត្តិសាខាកាកបាទក្រហម ខេត្តសៀមរាប កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ចៅសង្កាត់ ព្រមទាំងក្រុមអ្នកសារព័ត៌មាន បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ​ថ្នល់គ្រប់រូប។  ការចុះនេះ ធ្វើឡើងកាល ពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប។

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានលើក​ឡើងថា យុទ្ធនាការនាពេលនេះ មានគោលបំណងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់​ដឹង​អំពី​ច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេស អ្នក​ប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ននៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ សំខាន់ តាមបណ្តោយផ្លូវជាតិលេខ៦។  ក្នុងសកម្មភាពយុទ្ធនាការនេះ ក៏បានធ្វើការចែកសម្ភារ និង​ឯកសារមួយចំនួន រួមមាន មួកសុវត្ថិភាព ចំនួន៨០មួក (មួកសុវត្ថិភាពសម្រាប់កុមារ ចំនួន ៣០មួក) រួមទាំងសៀវភៅស្តីពីចរាចរណ៍ផ្លូវគោក, សៀវភៅអ្វីដែលអ្នកបើកបរយានយន្ត​ត្រូវ​យល់ដឹង,  លិខិត ប័ណ្ណសីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ , សុវត្ថិភាព ចរា​ចរណ៍ ផ្តើមចេញពីខ្ញុំ, ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ និងស្ទីកឃ័រចំណាំងផ្លាត ត្រូវបានយក​ទៅធ្វើការចែកជូនបងប្អូនអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព ព្រមទាំងបានបិទស្ទីកឃ័រ​ចំណាំងផ្លាត (ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) តាមបណ្តារថយន្តមួយចំនួន  ដែលបានធ្វើចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៦។

ជាមួយគ្នានេះដែរ នៅពេលប្រគល់មួកសុវត្ថិភាពនោះ កម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ​ ក៏បានធ្វើការណែនាំមួយចំនួនពាក់ព័ន្ធច្បាប់ចរាចរណ៍ និងធ្វើការឆ្លើយនូវសំណួរ ស្តីអំពី​សុវត្ថិភាព​ចរាចរណ៍ និងសីលធម៌ក្នុងការបើកបរ ក្នុងនោះប្រសិនបើពួកគាត់ឆ្លើយត្រូវ ជូន​មួកសុវត្ថិភាពគាត់មួយ និងសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងខិតប័ណ្ណផ្សព្វ​ផ្សាយ​មួយចំនួនផងដែរ ។

លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានអនុ​គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ បានធ្វើការណែនាំ អប់រំដល់បងប្អូន​អ្នកជិះម៉ូតូ​ដែលបមិនបានពាក់មួកសុវត្ថិភាព  អំពីសុវត្ថិភាពចរាចរណ៍ ដែលបង្កឱ្យមានហានិភ័យ បណ្តាលមកពីការមិនពាក់មួកសុវត្ថិភាព ឬសួរនាំអំពីច្បាប់ចរាចរណ៍ទៀតផង។ លោកបាន​គូសបញ្ជាក់ថា ក្រោមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ របស់រដ្ឋមន្ត្រីក្រសួង​សាធារណការ និងការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក្នុងការរឹតបន្តឹងការពាក់មួក​សុវត្ថិភាព ដោយបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនពាក់មួកសុវត្ថិភាព, មិនគោរពច្បាប់​ចរា​ចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹង ។  លោកបានបន្ថែមថា  បច្ចុប្បន្ននេះ គ្រោះថ្នាក់ ចរាចរណ៍ ជាបញ្ហាចំណោទសម្រាប់យើងទាំងអស់គ្នា នៅពេលបើកបរត្រូវគោរព​ឱ្យខាង​តែ​បាននូវច្បាប់ចរាចរណ៍ ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍។  ទន្ទឹមនេះ គ្រប់រូបពេលបញ្ជាយានយន្ត ត្រូវពាក់ខ្សែក្រវាត់ និងបើកបរម៉ូតូ ត្រូវពាក់មួក សុវត្ថិភាព ទាំងអ្នករួមដំណើរផងដែរ។ យុទ្ធនាការនេះ ជាការរឹតបន្តឹងកាពាក់មួកសុវត្ថិភាព ជាការដាស់តឿនដល់អ្នកបើកបរគ្រប់រូប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅថ្ងៃ​ខាង​មុខនេះ ។ លោកអភិបាលរងខេត្ដក៏បង្ហាញអំពីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់​ស្តីពីចរា​ចរណ៍​ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍នេះថា គឺប្រព្រឹត្តទៅដូចភ្លៀងរលឹម ដោយនគរបាល​ចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព ហើយចែកមួកសុវត្ថិភាព​ឱ្យ​គាត់មួយម្នាក់ ដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព គឺមួកមួយជីវិតមួយ។ លោកក៏បានណែនាំដល់គ្រប់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ត្រូវប្រកាន់ភ្ជាប់   នូវការគោរព​ច្បាប់ចរាចរណ៍ (ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) ៕

ដោយ ឃុត សៅ