ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញស្វាគមន៍នាវាកងទ័ពជើងទឹកឥណ្ឌា០២គ្រឿង នៅកំពង់ផែអន្តរជាតិក្រុងព្រះ សីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងទឹក លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌា០២គ្រឿង ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នារាត្រីថ្ងៃសៅរ៍ ៩កើត  ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ។ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត នៃប្រទេសឥណ្ឌាប្រចាំព្រះរាជា ណាចក្រកម្ពុជាមាន ប្រសាសន៍ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ដែលបានទទួលនាវាទាំងពីររបស់ឥណ្ឌា INS SAHYADRI និង INS KILTAN នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។ប្រទេសឥណ្ឌា និងកម្ពុជាជាមិត្តភក្កិ មានវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសាសនាតាំងពីរាប់សតវត្សរ៍មកហើយ ឥទ្ធិពលសាសនាហិណ្ឌូ ព្រះពុទ្ធសាស នា និងការជះឥទ្ធិពលឥណ្ឌានៅអាស៊ីអាគ្នេយ៍ ពិសេសប្រទេសកម្ពុជា មានតាំងពី ២លានឆ្នាំមុន ។

ឥណ្ឌាមានទំនាក់ទំនងដែនសមុទ្រជាប្រវត្តិសាស្ត្រជាមួយតំបន់នេះផងដែរ ។ ការចូលរួមនាពេលបច្ចុប្បន្នរបស់យើង មិនត្រូវបានកំណត់ឱ្យមានតែទស្សនកិច្ចនយោបាយ និងសុឆន្ទៈប៉ុណ្ណោះទេ ។ ការចូលរួមរបស់យើងជាមួយកម្ពុជាស្ថិតនៅក្រោមក្របខ័ណ្ឌផ្សេងៗដូចជាកិច្ចសហប្រតិបត្តិការឥណ្ឌា- អាស៊ាន កិច្ចសហប្រតិបត្តិការមេគង្គគង្គា (MGC) ក្របខ័ណ្ឌ CLMV ទ្វេភាគី ។ ក្រោមក្របខណ្ឌកិច្ច សហប្រតិបត្តិការមានភាពប្រសើរឡើង ស្ទើរតែគ្រប់វិស័យមានដូចជា កសិកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាគមនាគមន៍ វិស័យសុខាភិបាល ការអប់រំសេវាកម្ម ពាណិជ្ជកម្មនិងការវិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចសហប្រតិបត្តិការវប្បធម៌ និងការអភិវឌ្ឍធនធានមនុស្ស ។ កម្មវិធីជំនួយរបស់ឥណ្ឌា ដែលមានឈ្មោះថា “គម្រោងលទ្ធផលរហ័ស” ក្រោមកិច្ចសហប្រតិបត្តិការមេគង្គគង្គាត្រូវបានទទួលការគាំទ្រពីកម្ពុជា ហើយមានគម្រោងចំនួន១០ ត្រូវបានផ្ដល់ហិរញ្ញប្បទានជារៀងរាល់ឆ្នាំទៅតាមតំបន់អភិវឌ្ឍន៍ផ្សេងៗគ្នា ផ្ដោតលើ ការផ្ដល់សិទ្ធិអំណាចយេនឌ័រ សុខភាពអនាម័យ ការអប់រំនៅជនបទ បរិស្ថាន ទឹកស្អាត ។ល។  ឥណ្ឌាមានសកម្មភាពក្នុងការងារជួសជុល និងអភិរក្សប្រាសាទចាប់តាំងពីឆ្នាំ១៩៨០ ពេលនោះយើងគឺជាប្រទេសដំបូងគេ មកជួយកម្ពុជា ក្នុងការស្ដារប្រាសាទអង្គរវត្ត បើទោះបីជាកាលៈទេសៈពេលនោះមិនទាន់ល្អប្រសើរ ។ បច្ចុប្បន្នឥណ្ឌាកំពុងធ្វើការជួសជុលប្រាសាទដ៍អស្ចារ្យចំនួនពីរទៀត គឺប្រាសាទព្រះវិហារ និងប្រាសាទតាព្រហ្មដែលជាតំបន់បេតិកភណ្ឌពិភពលោក ។

លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាបន្តថា ប្រទេសឥណ្ឌា បានផ្ដល់វគ្គបណ្ដុះបណ្ដាលប្រហែល ២០០កន្លែង ដល់ប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ ក្រោមកម្ម វិធី ITEC និងផ្ដល់អាហារូបករណ៍ចំនួន ២៥កន្លែងក្នុង ១ឆ្នាំ ដល់និស្សិតកម្ពុជាសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៅតាមសាកលវិទ្យាល័យឥណ្ឌា ។ ឥណ្ឌាក៏ជាអ្នកចូលរួមវិភាគ ទានថវិកាជាតិសម្រាប់អង្គជំនុំជម្រះវិសាមញ្ញតុលាការខ្មែរក្រហមផងដែរ ។ កងកម្លាំងឥណ្ឌាជួយយ៉ាងសកម្មដល់ កងយោធពលខេមរៈភូមិន្ទ ក្នុងការអភិវឌ្ឍ និងការកសាងសមត្ថភាព វគ្គហ្វឹកហាត់ត្រូវបានផ្ដល់ជូនជារៀងរាល់ឆ្នាំ ដល់កងយោធពលខេមរភូមិន្ទ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកការពារជាតិ បច្ចេកវិទ្យា និងព័ត៌មានវិទ្យា ។ កងទ័ពឥណ្ឌាបានផ្ដល់ការបណ្ដុះបណ្ដាលដល់កងយោធពលខេមរភូមិន្ទ ស្ដីពីការដោះមីន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលទើបបញ្ចប់ពីរបីខែមុន ។ ឥណ្ឌាក៏បានផ្ដល់នូវសត្វឆ្កែហិតក្លិនដល់ប្រទេស កម្ពុជា ដើម្បីជួយក្នុងការងារដោះមីន ។ ដំណើរទស្សនកិច្ចកងនាវាចរណ៍ និងនាវាឆ្មាំសមុទ្រឥណ្ឌា កើតឡើងជាប្រចាំចាប់តាំងពីឆ្នាំ២០១៥ ទាំងនេះ គឺជាផ្នែកសំខាន់មួយ នៃការចូលរួមការពារជាតិរបស់យើង និងជួយដល់កងនាវាចរណ៍ និងឆ្មាំសមុទ្រ នៃប្រទេសទាំងពីរឱ្យយល់ ពីគ្នាទៅវិញទៅមក ។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចតាមនាវានាពេលនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការតាមសមុទ្ររវាងប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់ការពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគី ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ មានប្រសាសន៍ថា ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងខ្លួនខ្ញុំផ្ទាល់ សូមស្វាគមន៍ចំពោះវត្តមានប្រកបដោយសក្តានុពលនាវាកងទ័ពជើងទឹកឥណ្ឌា បានមកបំ ពេញទស្សនកិច្ចជាផ្លូវការ មិត្តភាព  និង​បានចូលចតនៅលើទឹកដីនៃព្រះរាជា ណាចក្រកម្ពុជានាពេលនេះ ជាឱកាសបន្ថែម ដ៍មានតម្លៃថ្មីមួយទៀត ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៍ល្អ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពឥណ្ឌា និយាយរួម និងនិយាយដោយឡែករវាងកងទ័ពជើងទឹក នៃកងយោធពលខេមរៈភូមិន្ទ  និងកង ទ័ពជើងទឹកឥណ្ឌា មានភាពរីកចម្រើនរឹងមាំដល់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនៃកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ។ កិចសហប្រតិបត្តិការកងទ័ពជើងទឹកប្រទេសទាំងពីរ បានផ្ដល់ការផ្លាស់ប្ដូរបទពិសោធន៍ល្អៗឱ្យគ្នាទៅ វិញទៅមក ក្នុងការពង្រឹង និងពង្រីកនូវសមត្ថភាពជំនាញសំខាន់ៗមួយចំនួនដល់នាយនាវី ពលនាវិក ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខលម្ហសមុទ្រ ទាំងក្នុងតំបន់ និងពិភពលោក ។ ទន្ទឹមនេះ ក្នុងនាមកងទ័ពជើងទឹក នៃកងយោធពលខេមរៈភូមិន្ទ សូមកោតសរ សើរដោយស្មោះ ចំពោះលោកមេបញ្ជា ការ មេបញ្ជាការរងនាវាទាំងពីរ និងកង នាវិកទាំងអស់ក្នុងដំណើរមកកាន់ទីនេះប្រកបដោយមោទនភាព កិត្តិយស និង មនោសញ្ចេតនាមិត្តភាពជាប្រពៃណី សហប្រតិបត្តិការដ៍ល្អ រវាងរាជរដ្ឋាភិ បាល កងទ័ព និងប្រជាជន ពិសេសរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ វត្តមានរបស់នាវាកងទ័ពជើងទឹកឥណ្ឌាទាំងពីរ បានឆ្លុះបញ្ចាំងពីភាពរីកចម្រើន នៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ដ៍ល្អ រវាងកងទ័ពជើងទឹកទាំងពីរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ សូមថ្លែងអំណរគុណជូនចំពោះកងទ័ពឥណ្ឌាដែលបានចូលរួមលើកម្មវិធីក្នុងវិស័យកិច្ចសហប្រតិបត្តិការយោធា និងធនធានមនុស្ស រាប់បញ្ចូលទាំងការបញ្ជូននាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌាជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៣ រហូតមក ដល់បច្ចុប្បន្ននេះ មានចំនួន ១២លើក ស្មើនឹង ១៨គ្រឿង ក្នុងនោះនាវាឆ្មាំសមុទ្រឥណ្ឌាចំនួន ០២គ្រឿង និងសំពៅកងទ័ពជើងទឹកឥណ្ឌាចំនួន ១គ្រឿង មកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ សូមឱ្យការបំពេញបេសកកម្មជាអន្តរជាតិ របស់នាវាកងទ័ពជើងទឹកឥណ្ឌាទាំង ០២គ្រឿងទទួលបានសុខសុវត្ថិភាព និងជោគជ័យយ៉ាងត្រចះត្រចង់នៅលើទឹកដី នៃព្រះរា ជាណាចក្រកម្ពុជា ។

សូមរម្លឹកថា នេះជាការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌាជាលើកទី២ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្នុងឆ្នាំ២០១៩នេះ ៕

ដោយ ងូ សុមុនី