កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់​ស្នាក់ នៅ តាមទីទួលសុវត្ថិភាពក្នុងខេត្ដក្រចេះចំនួន៩៦គ្រួសារ 

AKP ក្រចេះ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្ដម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈ​អភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្ត បានអញ្ជើញនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តចែកជូនដល់បងប្អូនប្រជា ពល​រដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅតាមទី​ទួលសុវត្ថិភាពមួយចំនួនក្នុងក្រុងក្រចេះ។ ពិធីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ៨កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៩៦ គ្រួសារ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម មុង១ ទឹកបរិសុទ្ធ១យួរ មី ១ កេស ត្រីខ ១០កំប៉ុង តង់១ និងថវិកា ៣០.០០០រៀល។ ក្នុងនោះមានប្រជា ពលរដ្ឋមកពីសង្កាត់ក្រចេះ​ចំនួន៦៨គ្រួសារ និងសង្កាត់អូរឬស្សីចំនួន២៨គ្រួសារ ។

ឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទ​ក្រហម​កម្ពុជាបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចជានិច្ចកាលតែងតែង​បានគិតគូរពីសុខទុក្ខ​បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ទោះនៅទីណាសម្តេច​កិត្ដិព្រឹទ្ធ​បណ្ឌិតបានណែនាំ និងជំរុញដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជាគ្រប់ខេត្ត ក្រុង ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់បំផុតក្នុងការជួយដល់ប្រជាពលរដ្ឋទោះក្នុងហេតុការណ៍ និងកាៈទេសៈណាក៏ដោយ។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះ​ថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសារទឹកឆ្អិន និងគេងក្នុងមុងជានិច្ចដើម្បី​ចៀសពី​ការឆ្លងជម្ងឺផ្សេងៗ ពិសេសសូមជួយមើលថែទាំក្មេងៗ និងមនុស្សចាស់ជរាឱ្យបានល្អ ព្រម​ទាំង​ចៀសឱ្យបាននូវគ្រោះថ្នាក់ជាយថា ហេតុណាមួយ ៕

ដោយ ជួន សុជាតិ