ស្រូវរដូវវស្សាជាង៨ពាន់ហិកតា ជួបនឹងគ្រោះរាំងស្ងួត នៅក្នុងស្រុកពួក ខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី​​ ០៧ ខែកញ្ញា ឆ្នាំ២០១៩ — ដោយសាតែរដូវប្រាំងឆ្នាំនេះបានអូសបន្លាយពេលយូរ បានធ្វើឱ្យស្រូវរដូវវស្សារបស់​ប្រជា​កសិករនៅ​ក្នុង​ស្រុកពួក ខេត្តសៀមរាប ទទួលរងនូវការខូចខាតអស់ប្រមាណ៨. ៥២៥​ហិកតា។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរ ស្រុកពួក ដែលបានរាយការណ៍​ជូន​ឯកឧត្តមអភិបាលខេត្ត កាលពីថ្ងៃ៨កើតខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៩ ខណៈពេលដែលឯកឧត្តមអភិបាលខេត្ត បានចុះត្រួតពិនិត្យផ្ទាល់​នូវស្ថានភាពដំណាំស្រូវ នៅក្នុងឃុំមុខប៉ែន និងឃុំព្រៃជ្រូក ស្រុកពួក ដែលបានទទួលរង​គ្រោះធ្ងន់ធ្ងរជាងគេក្នុងចំណោមបណ្តាស្រុកដទៃទៀតទូទាំងខេត្តសៀមរាប។

លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក ខេត្ដសៀមរាបបានលើកឡើងថា ក្រោយ​ពេលទទួលបានរបបទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ស្រូវរបស់កសិករដែលទទួលរងនូវផល​ប៉ះ​ពាល់ទាំងនោះ ហាក់មានសភាពលូតលាស់មកវិញ តែមិនមានសង្ឃឹមថា​នឹងទទួលបាន​ផល​នោះទេ ដោយស្រូវខ្លះបានហួសរយៈពេលនៃការលូតលាស់អស់ទៅហើយ។ លោកបាន​បញ្ជាក់​ថា បើទោះបីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ពិតមែន តែនៅតាមវាលស្រែទាំងនោះ​ក៏គ្មានទឹកដក់សម្រាប់ដំណាំស្រូវលូតលាស់នៅឡើយដែរ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ដសៀមរាបបានគូសបញ្ជាក់ថា តាម​ការពិនិត្យពីស្ថានភាពនៃវាលស្រែរបស់បងប្អូនប្រជាកសិករ គឺពួកគាត់ធ្វើស្រែពុំមាន​ទំនប់​ទប់ស្កាត់តំកល់ទឹកទុកក្នុងស្រែ  ដែលធ្វើឱ្យដីស្រែរបស់បងប្អូនគ្មានទឹកដក់សម្រាប់​ចិញ្ចឹម​ស្រូវ។ ឯកឧត្ដមបន្ដថា បងប្អូនប្រជាកសិករគាត់គិតមិនដល់អំពីអត្ថប្រយោជន៍​ក្នុងការធ្វើ​ប្រព័ន្ធ​ភ្លឺ​ស្រែរបស់ខ្លួន នៅពេលដែលបងប្អូនធ្វើការដាក់ជីស្រែតែគ្មានភ្លឺបិតបាំង ពេលទឹកចូល​មកដល់នោះ ជីទាំងនោះនឹងហូរនាំទៅអស់ពីស្រែរបស់បងប្អូន។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឃុំ ក៏ដូចមន្ទីរជំនាញ​ពាក់​ព័ន្ធ គឺត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាស្រូវពូជរបស់រាជរដ្ឋាភិបាល ដែលបានចែកជូនបង​ប្អូននាពេលកន្លងមក ដើមី្បធ្វើការស្តារឡើងវិញក្នុងការងារបង្កបង្កើនផលរបស់បងប្អូន​នៅ​ពេលខាងមុខនេះ។ ឯកឧត្តមក៏បានក្រើនរម្លឹកដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវ​យកចិត្តទុកដាក់និងពិនិត្យ គ្រប់គ្រងប្រព័ន្ធស្រោចស្រពដែលមានស្រាប់​និងមានវិធានការ​ក្នុង​ការទប់ស្កាត់ ថែរក្សាតំកល់ទឹកទុកដើមី្បផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ក្នុងការស្រោចស្រព​ស្រូវបណ្តេញទឹក និងស្រូវស្រែប្រាំង៕

ដោយ ហង្ស សៀក