ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ៣៨០គ្រួសារក្នុងស្រុកពួកបានទទួលអំណោយរបស់រាជរដ្ឋាភិបាល

AKPសៀមរាបថ្ងៃទី​​​៦ខែកញ្ញាឆ្នាំ២០១៩–ប្រជាពលរដ្ឋក្រីក្រនិងរងគ្រោះដោយធម្មជាតិចំនួន៣៨០គ្រួសារ មកពី៥ឃុំក្នុងស្រុកពួក ខេត្តសៀមរាប បានមកជួបជុំគ្នានៅក្នុងបរិវេណវត្តដំណាក់ចន្ទារាម ហៅវត្តត្រគៀត ស្ថិតនៅភូមិត្រគៀតឃុំមុខប៉ែនស្រុកពួកខេត្តសៀមរាប ដើម្បីទទួលយកអំណោយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ហើយអំណោយទាំងនោះពួកគេបានដឹកយកមកចែកជូនប្រជាពលរដ្ឋកាលពីថ្ងៃ៨កើតខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ 

អំណោយទាំងនោះរួមមានក្នុងមួយគ្រួសារទទួលបានកន្ទេល១ មុង១ ភួយ១ សារុង១ និងក្រម៉ា១។ មានប្រសាសន៍នៅក្នុងពិធីប្រគល់អំណោយនោះ ឯកឧត្តម​ អភិបាលខេត្តដែលជំនួសមុខឱ្យប្រជាពលរដ្ឋទទួលបាន​អំណោយទាំងអស់ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ នូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលជួបនូវភាពក្រីក្រ និងរងគ្រោះដោយធម្មជាតិ។ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារ អត់អាហារហូបនោះឡើយ។

ឯកឧត្តម ទៀ សីហា ក៏បានមានប្រសាសន៍លើកឡើងផងដែរ អំពីគោលនយោបាយ ឈ្នះ​-ឈ្នះ ​រ​បស់​រាជ​រ​ដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ព្រមទាំងធ្វើឱ្យមានការអភិ​វឌ្ឍ​លើគ្រប់វិស័យនៅគ្រប់មូលដ្ឋាន សំខាន់សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្ត្រផងដែរ ដែលសមទ្ធិផលទាំងអស់នោះ ក៏កើតចេញពីស្មារតីជ័យជំនះ៧មករា និងកត្តាសន្តិភាពនៃគោលនយោបាយ ឈ្នះ​-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពជា។ ហើយឯកឧត្តម ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះបងប្អូនដែលជួបការលំបាក គ្រួសារទទួលរងគ្រោះដោយធម្មជាតិ ដែលធ្វើឱ្យភោគផលដំ​ណាំ​ស្រូវត្រូវបាន ខូចខាតដោយកង្វះទឹកស្រោចស្រព។

គួរបញ្ជាក់ថា លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាប ដែលបានដឹកនាំយកអំណោយរបស់រាជរដ្ឋាភិបាលទៅចែកជូនប្រជាពលរដ្ឋក្រីក្រនិងរងគ្រោះនាឱកាសនោះ បានមានប្រសាសន៍ឱ្យដឹងថា សកម្មភាពក្នុងការចុះចែកអំណោយជាសម្ភារៈគ្រឿងឧបភោគ បរិភោគដល់ចាស់ជរា ពិការក្រីក្រ និងរងគ្រោះធម្មជាតិក្នុងឆ្នាំ២០១៩នេះ បានចំនួន៥៧៩គ្រួសារ លើក្រុង ស្រុកចំនួន៦ នៃខេត្តសៀមរាប៕

ដោយៈ ហង្ស សៀក