រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំកំណត់ព្រំប្រទល់ ទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩​ — ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញ ស្តីពីរបាយការណ៍សង្ខេបលទ្ធផលការងារចុះពិនិត្យ និងកំណត់ព្រំប្រទល់ ទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី វិនិយោគលើដំណាំដូងប្រេង និងដំណាំ ដំឡូងមី ដែលមានព្រំប្រទល់ ៣ស្រុក (ស្រុកកំពង់សិលា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ) ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំដើម្បីឈ្វេងយល់អំពីផ្លូវច្បាប់ និងនិតិវិធីឱ្យបានច្បាស់លាស់ និងបទបង្ហាញរបស់មន្ត្រីជំនាញ នៃការចុះបញ្ជីដីកសិកម្ម ពាក់ព័ន្ធនឹងផ្លូវច្បាប់ និងគោលការណ៍ច្បាប់ជាសំខាន់ៗ ឈានទៅធ្វើការចុះបញ្ជី ដីរដ្ឋនៅ ទូទាំងខេត្តព្រះសីហនុ ដើម្បីការពារកុំឱ្យមានការរំលោភបំពានបន្តទៀត ទប់ស្កាត់ភាពអនា ធិបតេយ្យ និងដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ។

តាមមន្ត្រីបច្ចេកទេស នៃមន្ទីរកសិកម្មខេត្តព្រះសីហនុ បានបញ្ជាក់ថា ដំណើរការចុះ បញ្ជីដោយផ្អែកលើ សជណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតិវិនិយោគ លើដីកសិកម្មពីឆ្នាំ១៩៩៥ ដែលមានកិច្ចសន្យាវិនិយោគរវាងក្រុមហ៊ុន ម៉ុង ឬទ្ធី និងក្រសួងកសិកម្ម ក្នុងខែមីនា ឆ្នាំ១៩៩៦ ក្រុមហ៊ុនបានបើកការដ្ឋានបណ្តុះកូន ដូងប្រេងនៅឆ្នាំ១៩៩៧ និងបន្តដាំដុះលើផ្ទៃដីចំនួន ១១.០០០ហិកតា និងដីកសិកម្មដាំដំឡូងមីមានចំនួន ១.៨០០ហិកតា។

ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំឱ្យអភិបាលរងខេត្ត អភិបាលស្រុកទាំង៣ មេឃុំ សហការជាមួយមន្ទីរជំនាញ ក្រុមហ៊ុន និងប្រជាពលរដ្ឋ បង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីចុះកំណត់ទីតាំងព្រំប្រទល់ដី ដោយកំណត់ផែនទីឯកភាពមួយ ជៀសវាងគូរផែនទី កំណត់ទីតាំងរបស់ក្រុមហ៊ុន ជាន់គ្នាជាមួយដីប្រជាពលរដ្ឋ តាមនិតិវិធីសុរិយោដី អនុវត្តតាមគោលនយោបាយ និងចរាចរណ៍លេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅ អាស្រ័យផលជាក់ស្តែង ៕

ដោយ ងូ សុមុនី