ឯកឧត្តម វង្សី វិស្សុត ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន​ (AFTA) នៅទីក្រុងបាងកក ប្រទេសថៃ

AKP បាងកក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា រដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានរបស់កម្ពុជា​ បានដឹកនាំ គណៈប្រតិភូក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា តំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣​៣ (33rd ASEAN Free Trade Area (AFTA) Council Meeting) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី០៦​​ ខែកញ្ញា​ ឆ្នាំ២០១៩ នៅរាជធានីបាងកក​ ព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះ ត្រូវរៀបចំឡើងទន្ទឹមគ្នានឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិ​ច្ចអាស៊ានលើកទី ៥១ (51st AEM Meeting) ​និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។​

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានលើកទី៣​៣នេះ បណ្តា រដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA Council Ministers) បានធ្វើការកត់ សម្គាល់ និងវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ស្ថិតក្រោមក្របខ័ណ្ឌផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint 2025) តាមរយៈការធ្វើសេរីភាវូនីយកម្មពន្ធគយអាស៊ាន ដោយអនុលោមតាមការសន្យា និងកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA)​ ដែលក្នុងនោះ អត្រាពន្ធគយលើបន្ទាត់ពន្ធចំនួន ៩៨,៦ភាគរយនៃបន្ទាត់ពន្ធសរុបអាស៊ាន ត្រូវបានលប់បំបាត់ គិតត្រឹមឆ្នាំ២០១៩ នេះ។

បន្ថែមពីនេះ    អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សា ផ្លាស់ប្តូរមតិយោបល់លើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) រួមមាន កិច្ចសម្រួលពាណិជ្ជកម្ម, វិធានដើមកំណើតទំនិញ, ការធ្វើសេរីភាវូនីយកម្មពន្ធគយ និងការលុបបំបាត់របាំងពាណិជ្ជកម្ម ក៏ដូចជាការធ្វើសមាហរណកម្មគយជាដើម។

ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើនេះ អង្គប្រជុំបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារពាក់ព័ន្ធរបស់អាស៊ានបន្តស្វែងរកនូវដំណោះស្រាយដែលសមស្រប និងអាចទទួ​ល​យកបាន ដោយឈរលើស្មារតីយោគយល់ និងសាមគ្តីភាពរបស់អាស៊ាន ព្រមទាំងបានអំពាវនាវឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់គោរព និងអនុវត្តការសន្យា និងកាតព្វកិច្ចទាំងឡាយ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIG​A​) ឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ សំដៅកាត់បន្ថយ និងជៀសវាងនូវជម្លោះរវាង សមាជិកដែលអាចកើតឡើងជាយថាហេតុពីការអនុវត្តកិច្ចព្រមព្រៀងនេះ។

ក្រៅពីនេះ អង្គប្រជុំក៏បានពិនិត្យ និងអនុម័ត​លើឯកសារសំខាន់ៗចំនួន ៣ ដែលនឹងផ្តល់អាណត្តិកិច្ចឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ អាចអនុវត្តន៍នូវ ការប្រើប្រាស់វិក្កយបត្រ សម្រាប់ធ្វើប្រតិវេទន៍ស្វ័យបញ្ជាក់ប្រភព ដើមទំនិញទូទាំង តំបន់អាស៊ាន (ASEA​N​-Wide Self-Certification) ក៏ដូចជាអាចចាប់ផ្តើមដំណើរការ នៃការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិ​ញ​អាស៊ាន (ATIGA) ផងដែរ៕

ដោយ គង់ សិរីរ័ត្ន