អភិបាល​ខេត្តកំពត ជំរុញអាជ្ញាធរ​ក្រុង ស្រុក រៀបចំសោភណភាពអនាម័យ បរិស្ថានក្នុងក្រុងកំពត ដើម្បីត្រៀមរៀបចំអបអរពិធីបុណ្យសមុទ្រឆ្នាំ២០១៩ នាពេលខាងមុខ

AKP កំពត ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម ជាវ តាយ អភិបាល​ នៃគណៈអភិបាលខេត្តកំពតបានមានមតិ​ណែនាំក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរ​ក្រុង ស្រុកទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ត្រូវបង្កើនការចូលរួមឱ្យបានព្រមគ្នា ពិសេស ពាក់ព័ន្ធលើបញ្ហា​ការងាររៀបចំសោភណភាពអនាម័យសម្អាតបរិស្ថាន ក្រុងកំពត ដើម្បីត្រៀមរៀបចំអបអរពិធីបុណ្យសមុទ្រជុំទី២ លើកទី៨ ឆ្នាំ២០១៩ ដែលខេត្តកំពតត្រូវ ទទួលធ្វើជាម្ចាស់ផ្ទះឱ្យទទួលបានការគាំទ្រនិងលទ្ធផលជោគជ័យ។​

ការក្រើនរម្លឹកណែនាំដូច្នេះខណៈ ឯកឧត្តម ជាវ តាយ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​គណៈ​​អភិបាល​ខេត្ត​ប្រចាំ​ខែសីហា ​ឆ្នាំ​២០១៩​ កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០១៩ ដែលមានការចូលរួម​ជាសមាជិកអង្គប្រជុំពីសំណាក់ លោក​ លោកស្រី​ ជា​អភិបាល​រងខេត្ត និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញខេត្ត អង្គភាពកម្លាំងកងឯកភាពឈរជើង ក្នុងភូមិសាស្ត្រខេត្តព្រមទាំងអាជ្ញាធរ​ក្រុង ស្រុកសរុបប្រមាណ៧២នាក់។

ឯកឧត្តម ជាវ តាយ បញ្ជាក់ថា ពាក់ព័ន្ធនឹងពិធី​បុណ្យសមុទ្រ​លើកទី៨ជុំទី២ ដែលខេត្តកំពត​ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០១៩នេះ។ ដូច្នេះ​ដើម្បីឱ្យពិធី បុណ្យសមុទ្រឆ្នាំ​២០១៩​នៅខេត្តកំពត បានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងទទួលបានលទ្ធផលកាន់តែល្អប្រសើរជោគជ័យថែមទៀតជាងបណ្ដាឆ្នាំកន្លងទៅក៏ដូចនៅតាមបណ្ដាខេត្តជាប់សមុទ្រទាំងបួននោះ ជាការចាំបាច់មន្ទីរ អង្គភាព​ជុំវិញខេត្ត​នីមួយៗ​ត្រូវតែមានការយកចិត្តទុកដាក់ទាំងអស់គ្នាក្នុងការរៀបចំបណ្ដើរៗធ្វើយ៉ាងណាឱ្យមានសោភណភាពតាមមន្ទីរអង្គភាព នីមួយៗ ដែលនៅក្នុងក្រុងកាន់តែមានភាពលេចធ្លោជាងមុន។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត​ក៏បានលើកឡើងថា តាមរយៈ​ការសង្កេត នៅតាមបណ្ដាមន្ទីរ អង្គភាព នីមួយៗ​ក្នុងខេត្ត​នៅមិនទាន់បានអនុវត្តន៍ព្រមគ្នា នៅឡើយហើយក៏មានភាពមិនទាន់ល្អស្អាតនៅឡើយដែរ។​ ឯកឧត្តមអភិបាល​ខេត្ត​ក៏បានដាក់ជាសំណូមពរក៏ដូចជាផែនការណែនាំជាចាំបាច់ ឱ្យមន្ទីរអង្គភាព អាជ្ញាធរ រួម ទាំងប្រជាពលរដ្ឋ ត្រូវតែចូលរួមចលនាឱ្យបានផុលផុស និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយយកចិត្តទុកដាក់​ពីបញ្ហា អនាម័យ​សោភណភាព បរិស្ថាន​តាមដងផ្លូវឬ បរិវេណជុំវិញមន្ទីរអង្គភាពសួនសាធារណៈ និងលំនៅឋា នរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងក្រុងកំពត។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ​ អភិបាលខេត្ត ក៏បានលើកការសរសើរ ដល់មន្ទីរ អង្គភាព មួយចំនួន​ដែលបានខិតខំ​ប្រឹងប្រែង និងបានជំរុញឱ្យមានការខិតខំប្រឹង ប្រែងយកចិត្តទុកដាក់ទាំងអស់គ្នាដើម្បីធ្វើយ៉ាងណាធ្វើឱ្យខេត្តកំពតមានការទទួលគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរនៅពេលខាងមុខកាន់តែច្រើនឡើងៗ។

ឯកឧត្តម ​ជាវ តាយ អភិបាល​ខេត្ត​ក៏បានលើកឡើងឱ្យដឹងពីភាពប្រែប្រួលរីក ចម្រើនពាក់ព័ន្ធអាជីវកម្មរបស់ខេត្តកំពតនាពេលបច្ចុប្បន្ន ជាច្រើន​វិស័យ ដូច្នេះ ឯកឧត្តមអភិបាល​ខេត្ត​នៅតែទទូចបន្ត ទាំងថ្នាក់ដឹកនាំមន្រីរាជការកងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋ ត្រូវខិតខំរួមគ្នា ធ្វើឱ្យបានព្រមគ្នា គោលដៅរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍខេត្តកំពតឱ្យកាន់តែរីចម្រើនថែមទៀត។

សូមបញ្ជាក់ថា របៀបវារៈ​ក្នុងកិច្ចប្រជុំ​នេះរួមមាន៖ ១-ពិនិត្យ ពិភាក្សា​លើសេចក្ដីព្រាង​របាយការណ៍​ប្រចាំខែ​សីហា​ឆ្នាំ២០១៩​ស្ដីពី​ការអនុវត្ត​ការងារ​របស់រដ្ឋបាលខេត្ត​។​ ២-ពិនិត្យ ​ពិភាក្សា​លើលើការចែងចែក​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ជូនមន្ត្រីរាជការ​ខែកក្កដា​ឆ្នាំ២០១៩​។​

៣-ពិនិត្យ​ពិភាក្សា​លើសេចក្ដីព្រាង​ប្រតិទិន​ការងារសម្រាប់ដំណើរការកសាងផែនការ​អភិវឌ្ឍ​ន៍ខេត្តកំពត​(២០២០-២០២៤) និង៤-បញ្ហាផ្សេងៗ​ដោយអង្គប្រជុំមានការ ពិនិត្យ ពិភាក្សា​យ៉ាងយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ប្រាក់ លាង