ក្រុមហ៊ុនវីសា ប្រកាសពីផែនការពង្រឹងសុវត្ថិភាពលើការទូទាត់ប្រាក់ដើម្បីគាំទ្រក្នុងការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ — ដោយមើលឃើញពីបញ្ហាសុវត្ថិភាពនៅតែជាការពិចារណាដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា នៅពេលពួកគេប្រើប្រាស់វិធីទូទាត់ប្រាក់បែបថ្មីៗនោះ ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក​ នៅថ្ងៃនេះបានដាក់ចេញនូវផែនទីសុវត្ថិភាព ផ្លូវនៃអនាគតរបស់ខ្លួនសម្រាប់ប្រទេស កម្ពុជាដោយគូសបញ្ជាក់នូវវិធីសាស្រ្តដ៏រឹងមាំសម្រាប់ពង្រឹងសុវត្ថិភាពក្នុងការទូទាត់នៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុននេះ។

សម្រាប់ផែនទីបង្ហាញផ្លូវរបស់វីសាផ្តោតលើ​គំនិត​ផ្តួចផ្តើមសំខាន់ៗមួយចំនួន ដែលសុវត្ថិភាព មានការវិវឌ្ឍន៍ក្នុងល្បឿនដូចគ្នាជាមួយនឹង​ការ​ផ្លាស់ប្តូរលើបច្ចេកវិទ្យានៃការទូទាត់របស់យើងដូច្នោះដែរ។ ជាមួយគ្នានេះដែរ ក្នុងគំនិត​ផ្តួច​ផ្តើមលើសុវត្ថិភាពទាំងនោះរួមមាន៖ ទិន្នន័យត្រូវបានការពារដោយមិនងាយក្លែងបន្លំក្នុង ពេលធ្វើប្រតិបត្តិការ, ការពារទិន្នន័យ ដោយអនុវត្តន៍គោលការណ៍សុវត្ថិភាពដើម្បីការពារ​ទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានលម្អិតអំពីគណនី, បំពាក់ទិន្នន័យ ដោយកំណត់អត្ត សញ្ញាណនៃការក្លែងបន្លំដ៏គួរឱ្យកត់សម្គាល់ណាមួយ មុនពេលវាកើតឡើង និងបង្កើនទំនុក ចិត្តក្នុងការអនុម័តលើប្រតិបត្តិការដែលត្រឹមត្រូវ។ ទន្ទឹមនេះ ផ្តល់សិទ្ធិអំណាចដល់មនុស្ស​គ្រប់គ្នា រួមទាំងម្ចាស់គណនីផ្ទាល់ ភាគីទីបី និងអាជីវករ ដើម្បីឱ្យពួកគេដើរតួនាទីយ៉ាងសកម្ម​ក្នុងការ​ធានាសុវត្ថិភាពលើការទូទាត់។ ពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីនេះ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំ​ប្រទេស​កម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនមានមោទកភាពដែលបានចាប់ផ្តើមដាក់ ចេញ​នូវផែនទីសុវត្ថិភាព សម្រាប់អនាគតប្រទេសកម្ពុជា។ លោកស្រីបញ្ជាក់ថា ការធានា​សុវត្ថិភាពលើប្រព័ន្ធពាណិជ្ជកម្មបែបអេកូសាស្ត្រ (commerce ecosystem) គឺជាអាទិភាព​ចម្បងរបស់យើង ហើយយើងចាត់ទុកជាការទទួលខុសត្រូវរួមគ្នា រវាងបណ្តាញសេវា​កម្ម​ទូទាត់ អ្នកប្រើប្រាស់ ធនាគារ និងរដ្ឋាភិបាល។ លោកស្រីបន្ដថា បច្ចេកវិទ្យាបាន​ផ្តល់មធ្យោ​បាយ​ច្នៃប្រឌិតថ្មីៗក្នុងការបង់ប្រាក់ និងទទួលប្រាក់ ប៉ុន្តែវាក៏បាននាំមកនូវហានិភ័យ​ដ៏ស្មុគ​ស្មាញ​ផងដែរ។ ក្រៅពីនេះ ដើម្បីអាចដើរមួយជំហានលឿនជាងកា​រក្លែងបន្លំ យើងត្រូវធ្វើ​ការរួម​គ្នាផ្តល់សុវត្ថិភាពដូចគ្នាជាមួយការវិនិយោគ ដូចដែលយើងធ្វើលើការច្នៃប្រឌិតនានា ដែលជំរុញដល់បទពិសោធន៍ពាណិជ្ជកម្មថ្មីៗដូច្នេះដែរ។

សូមបញ្ជាក់ថា ការបង្ហាញនូវផែនទីបង្ហាញផ្លូវរបស់វីសា កើតឡើងនៅពេលដែលមាន​ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់ទម្រង់នៃការទូទាត់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹង​ការ​អភិវឌ្ឍផ្សេងៗដូចជាការទូទាត់តាមរយៈទូរស័ព្ទដៃ ដែលបង្កើនបទពិសោធន៍សម្រាប់អ្នក​ប្រើប្រាស់។ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើ ប្រាស់វីសាកាត សុវត្ថិភាពគឺស្ថិតនៅតែជាការពិចារណាចម្បងសម្រាប់អ្នកប្រើប្រាស់នៅ ទូទាំងអាស៊ីអាគ្នេយ៍ ក្នុងនោះ ៦៧ភាគរយមានការព្រួយបារម្ភអំពីសុវត្ថិភាពព័ត៌មាន​ផ្ទាល់​ខ្លួន​របស់ពួកគេ នៅពេលប្រើប្រាស់ទូរស័ព្ទដៃដើម្បីទូទាត់ប្រាក់។

តែទោះបីយ៉ាងណាក៏ដោយអ្វីដែលជាកង្វល់ធំបំផុតទាំងបីរបស់អតិថិជន នៅពេលប្រើ ទូរស័ព្ទដៃដើម្បីធ្វើការទូទាត់ប្រាក់ អតិថិជននៅប្រទេសកម្ពុជាបាននិយាយថា ការជ្រុះ​បាត់ ទូរស័ព្ទ ឬទូរស័ព្ទត្រូវបានគេលួច ឬទូរស័ព្ទត្រូវបានគេចូលលួចទិន្នន័យ និងប្រឈមជាមួយ malware ឬទូស័ព្ទត្រូវបានមេរោគចូលវាយលុកជាដើម។លោកស្រីនាយិកាបានបន្ថែមថា ក្រុមហ៊ុនវីសាបានធ្វើការជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យ ឧស្សាហកម្មនេះ រួមមានស្ថាប័នហិរញ្ញវត្ថុ អាជីវក អ្នកបង្កើតច្បាប់ អ្នកអនុវត្តន៍ច្បាប់ និងម្ចាស់​គណនីផ្ទាល់ ដើម្បីទទួលបានការទូទាត់ប្រកបដោយសុវត្ថិភាព។ លោកស្រីបានអះអាងថា ផែនទីបង្ហាញផ្លូវសុវត្ថិភាព​នាពេលអនាគតរបស់វីសា គឺជាលទ្ធផលនៃការពិគ្រោះយោបល់ និងការសហការគ្នាដ៏​ទូលំទូលាយ ដែលធ្វើឱ្យឯកសារនេះក្លាយជាឯកសារផ្លូវការមួយស្តីពីការ​ទូទាត់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត វីសាកំពុងចែកចាយ​នូវ​ផែនទីបង្ហាញផ្លូវរបស់ខ្លួននៅជុំវិញពិភពលោក ដើម្បីធានាដល់ប្រព័ន្ធសុវត្ថិភាពពាណិជ្ជកម្ម​បែបអេកូសាស្រ្តនៅក្នុងពិភពលោក ក៏ដូចជាធ្វើការជាមួយស្ថាប័នឧស្សាហកម្មធនាគារកម្ពុជា ដើម្បីជួយតម្រែតម្រង់គំនិតផ្តួចផ្តើមលើបញ្ហាសុវត្ថិភាពនេះដែរ៕

ដោយ រិទ្ធី