ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ស្តង់ដារគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ — អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយ  “ស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដារគណនេយ្យសាធារណៈ​កម្ពុជា មូលដ្ឋានសាច់ប្រាក់” កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩  ដើម្បីទុកជាមូលដ្ឋាន សម្រាប់ការអនុវត្ត។

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាជាតិគណនេយ្យបានថ្លែងក្នុងសិក្ខាសាលានោះថា ស្តង់ដារគណ នេយ្យសាធារណៈកម្ពុជាមូលដ្ឋានសាច់ប្រាក់មានសារៈសំខា​ន់​គឺ៖ ទី១-បង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័ន, ទី២-បង្កើនជំនឿទុកចិត្តរបស់របស់ប្រជាពលរដ្ឋតាមរយៈតំណាងរាស្រ្ត លើរបាយការណ៍ហិរញ្ញវត្ថុ​របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា, ទី៣-ជំរុញគណនេយ្យភាពនិង អភិបាលកិច្ចល្អនៃអង្គភាព និងទី៤-ពង្រឹង និងពង្រីក សមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងលើក​កម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មក្នុងវិស័យសាធារណៈ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការដាក់ឱ្យអនុវត្តន៍ស្តង់ដារគណនេយ្យ សាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់ គឺជាផ្នែកមួយនៅក្នុងកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយក៏ជាជំហានដំបូងនៅលើកំ​ណា​​ត់​ផ្លូវដ៏វែងក្នុងកម្មវិធី កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជ​រដ្ឋាភិបាល ដែលទាមទារឱ្យ​មា​នការចូលរួម ការគាំទ្រ ការសហការយ៉ាងស្អិតល្មួត និងការអនុវត្តប្រកប​ដោយ     ឆន្ទៈមោះមុតពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យទទួលបានលទ្ធផលល្អ ប្រសើរតាមការរំពឹងទុក។

សិក្ខាសាលានេះ មានការចូលរួមពី ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដែលមានចំនួនសរុបចំនួន៤៥២​រូប ដោយសិក្ខាសាលាមានគោលបំណងផ្សព្វ​ផ្សាយ​ជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា អំពីខ្លឹមសារប្រកាស និងខ្លឹមសារគន្លឹះៗ នៃស្តង់ដារគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់ ដើម្បីទុកជាមូលដ្ឋាន សម្រាប់ការអនុវត្ត៕

ដោយ គង់ សិរីរ័ត្ន