សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកលំផាត់

AKP រតនគិរី ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ  ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៩ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួម ពីលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ២៥០គ្រួសារ រស់នៅក្នុងឃុំចំនួន៣ គឺ ឃុំបាតាង ឃុំល្បាំង១ និង ឃុំល្បាំង២ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម គិត ទ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តរតនគិរី ។ អំណោយទាំងនេះថ្វើត្បិតតែមានចំនួនតិចតួចក៏ពិតមែន តែវាគឺជាផ្នែកមួយ ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះទឹកជំនន់នាពេលនេះ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងរដូវវស្សានេះ គឺជារដូវដែលពោរពេញដោយគ្រោះធម្មជាតិ និងជំងឺផ្សេងៗជាច្រើន ។ ដូចនេះសូមបងប្អូនទាំងអស់ត្រូវត្រៀមលក្ខណៈចំពោះការជន់លិចពីទឹកជំនន់ ពិសេសជំនន់ទឹកភ្លៀងជាជំនន់រហ័សងាយបង្កគ្រោះថ្នាក់ និងមានការប្រុងប្រយ័ត្នជានិច្ចចំពោះបាតុភូតផ្គររន្ទះ។ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស ត្រូវដេកក្នុងមុងជានិច្ច ចៀសវាងជំងឺគ្រុនឈាម គ្រុនចាញ់ ហើយប្រសិនបើក្តៅខ្លួន ឬចេញរោគសញ្ញាណាមួយត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់ចៀសវាងបណ្តែតបណ្តោយពេលវេលា ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ ចៀសវាងជំងឺឆ្លងពីម្តាយទៅកូន ឬជំងឺតំណពូជជាដើម និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ដែលនៅជិតបំផុត។

អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងឱកាសនេះ ក្នុងគ្រួសាររងគ្រោះនីមួយៗទទួលបាន  អង្ករ ២៥គីឡូក្រាម មី១កេស មុង១ ត្រីខ ៥កំប៉ុង មី អាហារសម្រន់ ១០កញ្ចប់ ទឹកស៊ីអ៊ីវ ២ដប និងទឹកបរិសុទ្ធ ១កេស ៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរព័មានខេត្តរតនគិរី)