បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាយូដូក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ — អ្នកជំនាញកីឡាយូដូអន្តរជាតិបានមកជួយពង្រឹងគុណភាព គ្រូបង្វឹកកីឡាយូដូកម្ពុជា នៅក្នុង វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាយូដូ ដែលបានបើកឱ្យដំណើរការ នៅព្រឹកថ្ងៃ ទី០៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលដៅ ដំណើរឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​មាន​ប្រសាសន៍ណែនាំដល់សហព័ន្ធកីឡាយូដូកម្ពុជា​ត្រូវបន្តទំនាក់ទំនងជាមួយសហព័ន្ធកីឡា យូដូ​អន្តរជាតិ ដើម្បីឱ្យគាត់បន្តជួយជ្រោមជ្រែង ដល់គុណភាពឱ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀត។ ឯកឧត្តមបញ្ជាក់ថា កម្ពុជាកំពុងឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ខាងមុខ ដូច្នេះយើងត្រូវបង្ហាញនូវកម្មវិធីផែនការគោលដៅ រៀបចំ​ស៊ីហ្គេម​របស់ខ្លួន ក៏ដូចជាប្រឹង ប្រែងធ្វើកិច្ចការនេះឱ្យ​បានខ្លាំងក្លាផងដែរជាមួយ​សហព័ន្ធ​អន្តរជាតិ ដើម្បីទទួលបានជំនួយបច្ចេកទេសឱ្យទទួលបានជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាត្រៀមចូលរួមប្រកួតប្រជែងក្នុងកម្រិតតំបន់ និងពិភពលោក ផងដែរ។

ឯកឧត្ដម បន្ថែមថា “បើមិនដូច្នេះទេ ខាងសហព័ន្ធអន្តរជាតិក៏គេមិនដឹងថា ជួយយើងតាម របៀបណា នោះឡើយ”។ ឯកឧត្តមអគ្គលេខាធិការរូបនេះបន្ថែមទៀតថា ឆ្នាំនេះយើងរៀបចំវគ្គបណ្តុះ បណ្តាលគ្រូបង្វឹក ហើយនៅឆ្នាំក្រោយយើងត្រូវរៀបចំវគ្គសិក្សាមន្ត្រីអាជ្ញាកណ្តាល ចៅក្រម​កម្ពុជា ដើម្បីជំរុញឱ្យពួកគេក្លាយជាអាជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិ ហើយការ ចេញទៅប្រឡង ឬការប្រកួតជាលក្ខណៈអន្តរជាតិនេះ កុំបារម្ភថា មិនមានថវិការឧបត្ថម្ភ ពីព្រោះបច្ចុប្បន្ន យើងមានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គឺមានថវិកាគ្រប់គ្រាន់ ដើម្បីគាំទ្រកញ្ចប់​ថវិកា ផ្តល់ជូនដល់ សហព័ន្ធកីឡាជាតិនានា ដោយធ្វើយ៉ាងណាឱ្យមានអាជ្ញាកណ្តាល ចៅក្រមអន្តរ ជាតិសម្រាប់ជាតិរបស់ខ្លួន សម្រាប់បម្រើដល់ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយមិនចាំ បាច់ជួលអ្នកជំនាញអន្តរជាតិ ដោយក្នុង១ថ្ងៃ ១០០ដុល្លារ ហើយបើកម្ពុជាមានអ្នកជំនាញ​អន្តរជាតិ​ខ្លួនឯង យើងនឹងទទួលបានកម្រៃឧបត្ថម្ភនេះ។

សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាយូនេះចាប់ផ្តើមដំណើរ ការ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បង្រៀនដោយគ្រូឧទ្ទេសអញ្ជើញមកពី​សហព័ន្ធ​កីឡាយូដូអន្តរជាតិ គឺលោក Amar Meridia៕

ដោយ ហេង ណាលីន