ក្រុមជម្រើសជាតិបង្កើនការហ្វឹកហាត់ ត្រៀមទទួលក្រុមភ្ញៀវហុងកុង វគ្គជម្រុះជុំទី២ FIFA WORLD CUP

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែបន្តការហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ ដើម្បី ត្រៀមទទួលក្រុមភ្ញៀវហុងកុង នាល្ងាចថ្ងៃព្រហស្បតិ៍ទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡ ដ្ឋានជាតិអូឡាំពិក ដែលជាការប្រកួតបើកឆាកក្នុងពូល C វគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022។

ក្រុមជម្រើសជាតិកម្ពុជាដឹកនាំដោយគ្រូបង្គោល លោក Felix G. Dalmas, អ្នកចាត់ការ​ទូទៅ លោក Keisuke HONDA រួមទាំងអ្នកចាត់ការក្រុម គ្រូជំនួយ មន្ត្រីផ្នែកនានាសរុប ចំនួន១៣នាក់។

លោក Keisuke HONDA បានបង្ហាញវត្តមានក្នុងឱកាសហ្វឹកហាត់របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជាផងដែរ កាលពីល្ងាចថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក។ ក្នុងវគ្គជម្រុះជុំទី២ ក្នុងពូល C នេះមាន៖ ក្រុមជម្រើសជាតិអ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន ហុងកុង និងក្រុមជម្រើសជាតិកម្ពុជា។ បើតាមការផ្សាយលើគេហទំព័រ FIFA បានបង្ហាញ​កម្មវិធីប្រកួតផ្លូវការថា សម្រាប់ជើងទី១ ម្ចាស់ផ្ទះ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកការ​ស្វាគមន៍​ក្រុមភ្ញៀវ ហុងកុង មុនគេវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយនៅថ្ងៃទី១០ ខែកញ្ញាខាងមុខ ក្រុមម្ចាស់ផ្ទះ​កម្ពុជានឹងបន្តជួបក្រុមបារ៉ែន វេលាម៉ោង ៦ និង៣០នាទីល្ងាចដូចគ្នា។ នៅថ្ងៃទី១០ តុលា ២០១៩ ក្រុមកម្ពុជាទៅប្រកួតក្រៅទឹកដីជាមួយម្ចាស់ផ្ទះអ៊ីរ៉ង់ ហើយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កម្ពុជានឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ អ៊ីរ៉ាក់។

សម្រាប់ជើងទី២ ក្រុមកម្ពុជានឹងត្រូវបន្តជួបជាមួយ៤ក្រុមដដែល ផ្លាស់ប្តូរទឹកដីគ្នាម្តង​ម្នាក់ ដែលជើងទី២ ក្នុងពូលC នេះនឹងត្រូវដំណើរការពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ៕

ដោយ ហេង ណាលីន