កម្ពុជា-ថៃ បើកកិច្ចប្រជុំទ្វេភាគី លើកទី១១នៃគណៈកម្មការបច្ចេកទេសកម្ពុជា-ថៃ សម្រាប់​កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ

AKP កែប ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ — កិច្ចប្រជុំទ្វេភាគីលើកទី១១ នៃគណៈកម្មការបច្ចេកទេស កម្ពុជា-ថៃ សម្រាប់កិច្ច​សហ​ប្រតិ​បត្តិ​ការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយ(JTC)  ត្រូវបានប្រារព្ធបើក កាលពីព្រឹកថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ ២០១៩ នាសណ្ឋាគារ កែបបេ ខេត្តកែប ប្រទេសកម្ពុជា ដោយមានការអញ្ជើញ​ចូលរួមរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន  ឯកឧត្ដមបណ្ឌិត ឆារ៉ូន ឆៃសន Charoon Chaisorn អគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃទីស្តីការ នាយករដ្ឋមន្រ្តីថៃ និងឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាល ខេត្តកែប ។ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចប្រជុំគណៈ​កម្មការបច្ចេកទេសរួមលើកទី១១ JTC ធ្វើឡើងក្រោមអនុស្សរណៈ នៃការយោគយល់គ្នារវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និង​ការផ្សព្វផ្សាយ។ ឯកឧត្ដមបានថ្លែងអំណរគុណដល់គណៈប្រតិភូថៃដែលបានស្នើសុំឱ្យមាន កិច្ចប្រជុំ JTC នៅខេត្តកែប ដែលជារមណីយដ្ឋានឆ្នេរស្រស់ស្អាតបំផុតមួយ របស់ប្រទេស​កម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តីបានលើកពីដំណើរការនៃសន្និសីទកំពូលប្រពន្ធ័ផ្សព្វផ្សាយអាស៊ី AMS លើកទី១៦ នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប កាលពីពាក់កណ្តាលខែមិថុនាកន្លងមក  ដែលមានគណៈប្រតិភូសារព័ត៌មានប្រទេសថៃ បានអញ្ជើញចូលរួមផងដែរ នៅក្នុង សកម្ម​ភាព និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយឥទ្ធិពល។ ឯកឧត្ដមបានរម្លឹកថា នេះគឺជាព្រឹត្តិ​ការណ៍ប្រកបដោយភាពជោគជ័យមួយ ក្នុងការធ្វើកំណែទម្រង់យ៉ាងខ្លាំងពីសំណាក់ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ កិច្ចប្រជុំ ក៏បានចេញសេចក្តីថ្លែងការណ៍ពី វិទ្យាស្ថាន​តំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា AIBD ក្នុងការប្រឆាំងនឹង ព័ត៌មានក្លែងក្លាយ ដែលជាគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយអង្គរ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានកោតសរសើរចំពោះលទ្ធផលដ៏ល្អ របស់គណៈកម្មការបច្ចេក​ទេសកម្ពុជា-ថៃ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយ JTC ហើយបាននាំឱ្យមានការកែលម្អ និងពង្រឹងទំនាក់ទំនងមិត្តភាពបន្ថែមទៀត រវាងរដ្ឋាភិបាល​ទាំងពីរ និងជំរុញឱ្យមានការយោគយល់គ្នា ក្នុងចំណោមប្រជាជន នៃប្រទេសទាំងពីរកម្ពុជា- ថៃ។ ឯកឧត្ដមបានលើកឡើងថា អនុស្សរណៈ នៃការយោគយល់គ្នានេះ ក៏បានធ្វើឡើង ដូចជា ការផ្លាស់ប្តូរកម្មវិធីទូរទស្សន៍ វិទ្យុ រូបថត អត្ថបទ  ព័ត៌មាន ការផ្លាស់ប្តូរក្រុមផលិត ឯកសារ ជាដើម ។ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយនៅថ្នាក់ជាតិ និងខេត្តរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ត្រូវបានពង្រីកនូវវឌ្ឍនភាព សម្រាប់បណ្តាខេត្ត តាម​បណ្តោយព្រំដែន នៃប្រទេសកម្ពុជា និងថៃ ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងកម្មវិធី វិទ្យុ​ភ្លោះ តាមបណ្តោយព្រំដែន ក្នុងការធ្វើយ៉ាងណាឱ្យប្រជាជន នៃប្រទេសទាំងពីរ ទទួលបាន ព័ត៌មាន ស្តីពីវប្បធម៌ ទំនៀមទម្លាប់ ឆ្លងកាត់ព្រំដែន ការធ្វើពាណិជ្ជកម្ម ជាដើម។

សូមបញ្ជាក់ថា កិច្ចប្រជុំ JTC លើកទី ១១ នេះ គឺមានការអញ្ជើញចូលរួមមកពីតំណាង អគ្គនាយកដ្ឋានទាំង៥ ចំណុះឱ្យក្រសួងព័ត៌មាន ប្រធានមន្ទីព័ត៌មាន ខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលបណ្តាមន្ទីរព័ត៌មានទាំងនេះ បានធ្វើកិច្ចសហការជាមួយភាគីថៃ លើការងារផ្សព្វផ្សាយបានល្អប្រសើរ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា