ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក  ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា 

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យសមាគម ពាណិជ្ជកម្មពិភពលោក ហាកកាចិន ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការសាងសង់ផ្ទះ សម្បែងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រដោយធ្វើការបង់រំលស់ ក្នុងទឹកប្រាក់កម្រិត ទាបមួយ ដែលអាចឱ្យពួកគាត់បង់រំលស់បាន។

ការស្នើឡើងបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោក ហាកកាចិន (Hakka) នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានរៀបរាប់អំពី ស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ និងបានស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក ហាកកា ចិនធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការ សាងសង់ផ្ទះសម្បែងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រដោយធ្វើការបង់រំលស់ ក្នុងទឹកប្រាក់កម្រិតទាប។

ឯកឧត្ដមបានបញ្ជាក់ថា បើសិនជា សមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីកុំឱ្យមានការ បង់ពន្ធចូលរដ្ឋលើការនាំចូលគ្រឿងសំណង់មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំង ដែលគ្រោងនឹងសាងសង់ផ្ទះសម្បែងនេះ អាចនឹងនៅក្រៅក្រុង ប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ ។ ប៉ុន្តែបើគម្រោងនេះចេញជាផ្លែផ្កានោះ រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាផ្លូវធំ ថ្មីតភ្ជាប់ ពីតំបន់នោះចូលមករាជធានីភ្នំពេញ ដែលអាចធ្វើដំណើរត្រឹម ៤៥នាទីទៅ១ ម៉ោងមក ដល់ក្រុងភ្នំពេញបាន ជាមួយនឹងការដឹកជញ្ជូនតាមរយៈរថយន្តក្រុងផងដែរ។

លោក លី កាំជុង (Mr. Li Kam Chung) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃសមាគមពាណិជ្ជកម្មពិភពលោកហាកកា បានមានប្រសាសន៍លើកឡើង ដើម្បី ស្នើសុំរដ្ឋបាលរាជធានីភ្នំពេញជួយគាំទ្រ ក៏ដូចជាផ្តល់ឱកាសវិនិយោគនៅក្នុងរាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា សមាគមពាណិជ្ជកម្មពិភពលោក ហាកកាមានកូនចៅ រហូតដល់ ១០លាននាក់ ដើម្បីរកស៊ីនៅទូទាំងពិភពលោក។

សម្រាប់ប្រទេសកម្ពុជា លោកមានចំណាប់អារម្មណ៍ និងបានដាក់ចេញជាគម្រោង ចំនួន៨គឺ ទី១. គឺការនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការរួច ហើយ  ហើយនៅសល់៧គម្រោងទៀត សមាគមបាន និងកំពុងសិក្សា ដោយផ្តោតទៅលើ ការបណ្តាក់ទុនលើអចលនទ្រព្យ កំពង់ផែ សត្តឃាត ចិញ្ចឹមសត្វជាដើម។ ក្រៅពីនេះសមាគម មានគម្រោងធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។

សូមបញ្ជាក់ថា គម្រោងវិនិយោគលើវិស័យអចលនទ្រព្យ ពិសេសលើការស្ថាបនា ផ្ទះជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋក្រីក្រ ដោយបង់រំលស់ក្នុងកម្រិតទឹកប្រាក់ទាបនេះ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមពាណិជ្ជកម្មពិភពលោកហាកកា នឹងធ្វើការពិភាក្សា លំអិតបន្ថែមទៀត៕

ដោយ សួស សំរិត