មន្ត្រីរាជការ ៧រូបត្រូវបានប្រកាសចូលកាន់មុខតំណែងក្នុងរចនាសម្ព័ន្ធមន្ទីរ អង្គភាពជុំវិញខេត្ត

AKP កំពង់ធំ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ -នារសៀលថ្ងៃចន្ទ ​៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខត្តកំពង់ធំ មានការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជចំនួន ៧រូប រួមមាន៖ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ១រូប, អនុប្រធានមន្ទីរ ប្រធានអនុប្រធានការិល័យ នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ចំនួន៤រូប, និងអនុប្រធានមន្ទីរ ប្រធានការិយាល័យ នៃមន្ទីរវប្បធម៌ និងវិចិត្រ   សិល្បៈខេត្តចំនួន ២រូប ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរនានា ជុំវិញខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រមាណ ៣០០នាក់។

ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំបន្តធ្វើការងារអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួន រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវខិតខំរួមគ្នាទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ ការពារព្រៃលិចទឹក សហការជាមួយអាជ្ញាធរមូលដ្ឋាន ឱ្យបានល្អ ។ ត្រូវខិតខំពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋយើង ឱ្យធ្វើការនេសាទឱ្យបានសមស្រប។ សូមបន្តខិតខំការពារឱ្យបានរាល់ការទន្រ្ទានដី ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងទប់ស្កាត់បទល្មើសផ្សេងៗទៀត ៕

ដោយ ស៊ុម វណ្ណា