រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យគុណភាពសំណង់គ្មានគុណភាពចំនួន ១៤ ទីតាំង ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ -រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួតពិនិត្យគុណភាពសំណង់មិនត្រូវតាមស្តង់ដារ សំណង់ខុសបច្ចេកទេស និងគ្មានគុណភាព នៅខេត្តព្រះសីហនុ តម្រូវឱ្យរុះរើចេញចៀសវាងមានហានិភ័យកើតឡើងក្រោមអធិបតីភាពឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដោយមានការចូលរួមពី មន្ត្រីជំនាញ និងម្ចាស់សំណង់ នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃចន្ទ ៤តើត ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ។

តាមរយៈការបង្ហាញរបស់មន្តី្រជំនាញក្រុមការងារវាយតម្លៃគុណភាពសំណង់ បានរកឃើញថា មានសំណង់ខុសបច្ចេកទេសចំនួន ១៤ទីតាំង ដែលតម្រូឱ្យម្ចាស់សំណង់ត្រូវរុះរើចេញជាបន្ទាន់ ដើម្បីកុំឱ្យមានហានិភ័យកើតឡើង បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅជុំវិញ ឬ អាចជាម្ចាស់សំណង់ផ្ទាល់ ហើយនេះក៏ជាការជូនដំណឹងចុងក្រោយរបស់រដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មាធិការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ ចំពោះម្ចាស់សំណង់ទាំង ១៤ទីតាំងខាងលើផងដែរ។

ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ បានបញ្ជាក់ថា ម្ចាស់សំណង់ទាំងអស់សូមកុំព្យាយាមដើររកការអន្តាគមន៍ ដើម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះ ព្រោះសំណង់ទាំងនេះនាំឱ្យកើតមានហានិភ័យនៅពេលខាងមុខ ពិសេស វានាំឱ្យខាតពេលវេលា និងថវិកាថែមទៀតផង ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការសាងសង់សំណង់នានាក្នុងក្រុងព្រះសីហនុ សូមម្ចាស់សំណង់ ឬតំណាង និងម្ចាស់ទីតាំងជួលដីចំនួន ១៤ទីតាំង ដែលគណៈកម្មាធិការត្រួតពិនិត្យគុណភាពសំណង់ បានពិនិត្យឃើញថា សំណង់ទាំងនេះមិនត្រូវតាមស្តង់ដារ សំណង់ខុសបច្ចេកទេស មិនមានគុណភាព សូមធ្វើការរុះរើដោយខ្លួនឯង ។ កន្លងមកមានម្ចាស់សំណង់ចំនួន ៤ទីតាំង ក្នុងចំណោមសំណង់ទាំង ១៤ទីតាំងនេះ បានអនុវត្តន៍តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការត្រូតពិនិត្យគុណភាពសំណង់បានរកឃើញ ព្រមរុះរើសំណង់មិនត្រូវតាមស្តង់ដារ សំណង់ខុសបច្ចេក ទេស មិនមានគុណភាពរបស់ខ្លួនចេញជាបណ្តើៗ ។  ដោយឡែកសំណង់ ១០ទីតាំងផ្សេងទៀត នៅមិនទាន់មានសកម្មភាពរុះរើនៅឡើយ ។ ដូចនេះសូមម្ចាស់សំណង់ទាំង ១០ទីតាំងផ្សេងទៀត ត្រូវគោរពទៅតាមការជូនដំណឹងរបស់រដ្ឋ បាលខេត្ត ដោយធ្វើការរុះរើជាបន្ទាន់ បើមិនដូច្នោះទេ រដ្ឋបាលខេត្តនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ហើយ ។

ឯកឧត្ដមអភិបាលខេត្តបានឱ្យដឹងថា បន្ទាប់ពីបានរុះរើ អាជ្ញាធរព្រមទាំងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យគុណភាពលក្ខណៈបច្ចេកទេស រួមទាំងចេញលិខិតអនុញ្ញាតឱ្យសាងសង់ឡើងវិញ ឱ្យបានឆាប់ជូនម្ចាស់សំណង់ ដើម្បីបានបើកការដ្ឋានសាងសង់វិញ៕

ដោយ ងូ សុមុនី