ឯកឧត្ដម ស៊ុយ សាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចះ កាលពីរសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទីោ២ ខែកញ្ញា ឆ្នាំ២០១៩ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោកខ័ណ្ឌ ចំណាន អភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជា ច្រើនទៀត ។

យោងតាមប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា លោក សាំង  ប៊ុនថេន ត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ជំនួសលោក ស្រេង ស្រស់ ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ។

ឯកឧត្តម ស៊ុយ សាន បានមានប្រសាសន៍ថា នេះជារឿងធម្មតាសម្រាប់មន្ត្រីមុខងារសាធារ ណៈ ដែលត្រូវតែងតាំង និងផ្ទេរភារកិច្ចពីកន្លែងមួយទៅកន្លែងមួយ ដើម្បីគ្រប់គ្រងនិងអនុវត្តន៍ការងារ ទៅតាមជំនាញនិ ងតម្រូវការជាក់ស្តែង ។  ឯកឧត្ដម បានជំរុញឱ្យលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពនានា ពិសេសអនុវត្តន៍នូវការណែនាំរបស់ថ្នាក់ដឹកនាំ ក្រសួង ខេត្ត សំដៅបន្តអភិវឌ្ឍន៍ការផ្ដល់សេវាសាធារណៈចាំបាច់ សេវាតម្រូវការគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដោយជំរុញធ្វើឱ្យបានឆាប់រហ័ស និងតម្លាភាព ធានាទប់ស្កាត់ឱ្យបាននូវយានយន្តផ្ទុកលើសទម្ងន់គ្រប់ប្រភេទ ដែលបានធ្វើចរាចរនៅលើដងផ្លូវឱ្យមានប្រសិទ្ធភាព និងត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយទៅដល់មហាជន ជាមួយនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែមទៀត ។ ដែលនេះគឺជាការខិតខំបន្តអនុវត្តន៍នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវមានលក្ខណៈសម្បតិ្តជាមន្រ្តីល្អ១១ចំណុច រួមនឹងអភិក្រម ៥ គឺធ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ៕

ដោយជួន សុជាតិ