ក្រសួងកសិកម្ម បើកកិច្ចប្រជុំដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍ស្តីពី វឌ្ឍនភាព

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងកាលពីថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពី វឌ្ឍនភាព បញ្ហាប្រឈម និង ទិសដៅអនុវត្តន៍បន្តលើផលិត កម្មកសិកម្មតាមកិច្ចសន្យា ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដែលកិច្ចប្រជុំនេះក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ។

កិច្ចប្រជុំនេះមានគោលបំណង ធ្វើការពិភាក្សារួមគ្នារវាងសមាជិក សមាជិកានៃគណៈ កម្មាធិការសម្របសម្រួលកិច្ចសន្យា ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបាននិងកំពុងជួបប្រទះ និង ការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នាដើម្បីស្វែងរកដំណោះស្រាយ ក្នុងន័យស្ថាបនា ដោយតម្រង់ចក្ខុវិស័យគិតគូរក្នុងការ   ពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និង ពាណិជ្ជូបនីយកម្មសំដៅឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។

សូមបញ្ជាក់ថា សម្រាប់ ៨ខែ ក្នុងឆ្នាំ២០១៩នេះ លេខាធិការដ្ឋានបានជួយសម្របសម្រួលកិច្ចសន្យាផលិតកម្មរវាងអ្នកផលិត សហគមន៍កសិកម្ម និង ក្រុមហ៊ុន សរុបបានចំនួន ៩១កិច្ចសន្យា ក្នុងនោះមាន ផលិតផលស្រូវ អំពៅស្ករ ផលិតកម្មសត្វ និងមានគ្រួសារកសិករចំនួន ៧.៨៩៧គ្រួសារចូលរួម នៅតាមបណ្តាខេត្តមួយចំនួន មានជាអាទិ៍ ខេត្តព្រះវិហារ ព្រៃវែង កំពង់ធំ ប៉ៃលិន កំពង់ចាម កំពង់ឆ្នាំង សៀមរាប បាត់ដំបង កំពង់ស្ពឺ តាកែវ និងខេត្តមណ្ឌលគិរី ៕

ដោយ ណយ នឿន (ប្រភព ក្រសួងកសិកម្ម)