អន្តរក្រសួងពិនិត្យលើគម្រោងអគារខុនដូ រ៉យ៉ាល់ផាក២ ឆ្នេឯករាជ្យក្រុងព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអគារខុនដូ រ៉យ៉ាល់ផាក២ ឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ នៅទីស្តីការក្រសួង កាលពីចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងអគារខុនដូ រ៉យ៉ាល់ផាក២ ឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ នៅលើផ្ទៃដីទំហំ ៥៧៦ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន អេស៊ាន អូរៀនថល ប៊ីលឌីង (ខេមបូឌៀ) ឯ.ក ដែលសិក្សា និងរៀបចំរបាយការណ៍​ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ថេន ។

ប្រភពខាងលើបន្តថា ជាលទ្ធផល​អង្គប្រជុំ​បានសម្រេច​ ដូចខាងក្រោម៖ ១-គាំទ្រចំពោះគម្រោងវិនិយោគខុនដូរ និងលើកទឹកចិត្តដល់អ្នកវិនិយោគិនជនជាតិខ្មែរវិនិយោគឱ្យបានច្រើន។ ២-ម្ចាស់គម្រោងត្រូវត្រួតពិនិត្យឱ្យច្បាស់លាស់ចំពោះការគ្រប់គ្រងសំណល់ រឹង-រាវ ដើម្បីចៀសវាងការបំពុលដល់បរិស្ថាន។ ៣-ម្ចាស់គម្រោងត្រូវត្រួតពិនិត្យ និងសិក្សាបន្ថែមលើអាងចម្រោះទឹក និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ឱ្យមានសមត្ថភាព​សមស្របទៅតាមបញ្ហាប្រឈមជាក់ស្ដែង។ ៤-ម្ចាស់គម្រោងត្រូវគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពអគារឱ្យបានល្អដើម្បីផ្តល់សុវត្ថិភាពដល់អ្នកស្នាក់នៅឱ្យបានត្រឹមត្រូវ។ ៥-ម្ចាស់គម្រោងត្រូវធ្វើការញែកប្រព័ន្ធទឹកលូទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ឱ្យដាច់ដោយឡែកពីគ្នា។ ៦-ម្ចាស់គម្រោងត្រូវរៀបចំទីតាំងស្តុកសំណល់ ញែកសំរាម និងវេចខ្ចប់ឱ្យបានត្រឹមត្រូវ ជាពិសេសលើកទឹកចិត្តឱ្យអ្នកស្នាក់នៅធ្វើការបែងចែកប្រភេទសំណល់ទៅតាមប្រភេទ។ ៧-ម្ចាស់គម្រោងត្រូវរៀបចំប្រព័ន្ធ អគ្គិភ័យ ទឹក ភ្លើង ឱ្យមានសុវត្ថិភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ៨-ម្ចាស់គម្រោងត្រូវអនុវត្តន៍តាមច្បាប់ជាធរមាន។ ៩-ម្ចាស់គម្រោងត្រូវសហការជាមួយមន្ទីរ ជំនាញ និងអាជ្ញាធរពាក់ព័ន្ធនានា ដែលនៅសេសសល់ក្នុងការអនុវត្តច្បាប់ និងបញ្ហាប្រឈមផ្សេងៗ​ ព្រមទាំងចូលរួមថែរក្សាអនាម័យបរិស្ថាន នៅជុំវិញទីតាំងគម្រោងឱ្យបានស្អាត៕

ដោយ ពេជ្រ ណារិទ្ធ