និស្សិតស្ថាបត្យកម្ម ៤៥នាក់ប្រកួតប្រជែងកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន

AKP សៀមរាប ថ្ងៃទី​​២ ខែកញ្ញា ឆ្នាំ២០១៩ -និស្សិតស្ថាបត្យកម្មឆ្នាំទី៤​ចំនួន៤៥នាក់ មកពីចម្រុះសាកលវិទ្យាល័យចំនួន៦នៃរាជធានីភ្នំពេញ បានចុះមកធ្វើកម្មសិក្សាឈ្វេងយល់ពីទីតាំងភូមិសាស្ត្រ ដើម្បីប្រកួតប្រជែងធ្វើការកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នៅក្នុងទីក្រុងសៀមរាប ដែលការចុះទៅធ្វើកម្មសិក្សានេះបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០១៩តទៅ។

និស្សិតស្ថាបត្យកម្មទាំង៤៥នាក់នោះ មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យបញ្ញាសាស្ត្រ វិទ្យាស្ថានបច្ចេក ទេសកម្ពុជា និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។ ពួកគេបានជួបជុំគ្នាស្តាប់បទបង្ហាញពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងចុះទៅត្រួតពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមខ្លួនបញ្ចេញគំនិត ក្នុងការប្រកួតប្រជែងពីគម្រោងកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ដែលមានរយៈពេលមួយខែ ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះតទៅ។ ចំពោះជ័យលាភីនឹងទទួលបានទឹកប្រាក់ចំនួន ១.០០០ដុល្លារអាម៉េរិកសម្រាប់លើកទឹកចិត្ត ហើយតាម    រយៈ ការប្រកួតប្រជែងបញ្ចេញស្នាដៃនេះ គឺជាការផ្តល់ឱកាសឱ្យនិស្សិតបានបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការងារអភិវឌ្ឍន៍ ដើម្បីអភិរក្សនៅក្នុងតំបន់អង្គរផងដែរ។

លោក សោម សុផារ៉ាត់ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នេះបានធ្វើឡើងដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ឱ្យមានការកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នេះ ទើបអាជ្ញាធរជាតិអប្សរាបានប្រកាសរកនិស្សិតដែលមានសមត្ថភាពបញ្ចេញស្នាដៃ លើគម្រោងកែលម្អផ្លូវនេះ ដែលបញ្ចូលទាំងគំនិតអភិវឌ្ឍន៍ និងអភិ   រក្ស។ កំណាត់ផ្លូវដែលត្រូវកែលម្អ គឺចាប់ពីរង្វង់មូលស្រីគ្រប់លក្ខណ៍ ទៅដល់ផ្លូវហ្សាលឌឺ ហ្គោល ទល់មុខមន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវកែច្នៃឱ្យមានសោភណភាព សុវត្ថិភាព និងផាសុកភាព។

លោក សុផារ៉ាត់ បានឱ្យដឹងទៀតថា គម្រោងកែលម្អផ្លូវនេះដែរ គឺក្នុងបំណងស្ថាបនាឱ្យកំណាត់ផ្លូវដ៏មមាញឹកក្នុងការបម្រើសេវាកម្មទេសចរណ៍ ក៏ដូចជាការឆ្លងកាត់របស់ប្រជាជន ក្លាយជាផ្លូវគំរូមួយសម្រាប់ខេត្តសៀមរាប ដោយការរៀបចំឱ្យមានសួនច្បារ ផ្លូវដើរ ផ្លូវកង់ ការដាំដើមឈើ កែលម្អចិញ្ចើមថ្នល់ឱ្យស្អាត ធ្វើឱ្យប្រឡាយមានទឹកជាប្រចាំ ដើម្បីទាក់ទាញទេសចរ និងការធ្វើលំហាត់ប្រាណរបស់ប្រជាជន៕

ដោយ ហង្ស សៀក