គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តន៍បន្ត

AKP កំពង់ឆ្នាំង​ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩  -ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព បានជំរុញដល់អាជ្ញាធរដែនដី សហការជាមួយសមត្ថកិច្ច ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពឱ្យបានល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អ។ ឯកឧត្តម បានជំរុញបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគណៈបញ្ជាការឯកភាព កាលពីថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក និងមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទខេត្ត ក្រុង ស្រុកចូលរួមផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយសមត្ថកិច្ចផ្សព្វផ្សាយតាមគ្រប់រូបភាព ឱ្យប្រជាពលរដ្ឋយល់ដឹងក្នុងការគោរពច្បាប់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់។ បន្តអនុវត្តន៍យុទ្ធនាការ
ប្រយុទ្ធប្រឆាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ រៀបចំសណ្តាប់អនាម័យនៅគ្រប់ទីកន្លែងជាពិសេសមិនត្រូវឱ្យមានការកកស្ទះសំរាមនៅតាមដងផ្លូវ ទីប្រជុំជន ទីផ្សារ និង ចំណតរថយន្តតាមដងផ្លូវជាតិលេខ៥ឡើយ ។ បន្តបង្រ្កាបបទល្មើសផ្សេងៗដែលខុសច្បាប់សំខាន់បទល្មើសនេសាទ និងបទល្មើសព្រៃឈើ។ ត្រូវត្រៀមលក្ខណៈឱ្យបានជាប់ជាប្រចាំដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបានជំរុញដល់អង្គភាពជំនាញពាក់ព័ន្ធ បន្តអនុវត្តន៍វិធានការនានា ពិសេស ការងារសន្តិសុខជាតិ ការកាប់ព្រៃលិចទឹក ការកាប់និងដឹកឈើ រកស៊ីខុសច្បាប់ ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ការនេសាទខុសច្បាប់ ការសាងសង់សំណង់មួយចំនួនទៀតត្រូវបានដំណើរការសាងសង់ ជួសជុល និងកែប្រែទ្រង់ទ្រាយដោយគ្មានលិខិតអនុញ្ញាតច្បាប់ត្រឹម ត្រូវ និងបង្កើនសកម្មភាពអនុវត្តន៍វិធានការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទូទៅ។ ពិសេសត្រូវយកចិត្តទុកដាក់ផ្តោតការអប់រំឱ្យចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះ ឱ្យបានយល់ដឹងកាន់តែទូលំទូលាយ និង ស៊ីជម្រៅ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យបាន និងប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដាច់ខាតត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រឆាំងចំពោះរាល់ការប៉ុនប៉ងទាំងឡាយណា ដែលមានបំណងធ្វើបដិវត្តន៍ពណ៌ ឬផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនាំទៅដល់ការបំផ្លាញនូវសុខសន្តិភាពរបស់ប្រជាពលរដ្ឋ ៕

ដោយ បៃ ស៊ីថុន